(ម៉ូស្គូ)៖ យោធារុស្ស៊ីច្រើនជាង ២,៥០០នាក់ មកពីកងកម្លាំង​នៃតំបន់ភាគខាង​កើត​ប្រទេស​រុស្ស៊ី (EMD) បានចូលរួម​ក្នុងសមយុទ្ធ​យោធាទ្រង់ទ្រាយធំមួយ នៅលើទីប្រជុំកោះ ឃើរៀល (Kuril) ដែលកំពុងមានជម្លោះ​មិនទាន់ដាច់ស្រេច​ជាមួយជប៉ុន ចាប់ផ្តើមពីថ្ងៃពុធនេះតទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។​

នៅអំឡុងសមយុទ្ធយោធា​នេះដែរ ទីតាំងសត្រូវ​សម្បនិម្មិត​នឹងត្រូវធ្វើការបាញ់​កម្ទេចដោយរថក្រោះ និងកង​កំាភ្លើងធំ ជាមួយការគំាទ្រ​ដោយកង​ឧទ្ធម្ភាគចក្រ និងកងនាវាចម្បាំងប្រចាំ​តំបន់​សមុទ្រប៉ាស៊ីហ្វិក។ លើសពីនេះ​ទៅទៀត បរិក្ខាយោធា​ជាង ៨០០គ្រឿង-ប្រភេទ ក្នុងនោះរួមមាន​ទាំង រថក្រោះ T-72B, កាំភ្លើងធំ, ឧទ្ធម្ភាគចក្រ Mi-8AMTSh រួមទាំងនាវា​ចម្បាំងចំនួនបីគ្រឿង​ នៃកងនាវាប្រចាំ​តំបន់ប៉ាស៊ីហ្វិក ក៏ត្រូវចូល រួមក្នុង​សមយុទ្ធ​ទ្រង់ទ្រាយធំ​នេះផដែរ។

គួរបញ្ជាក់ថា EMD គឺជាទីបញ្ជាយុទ្ធសាស្ត្រ​ដ៏ធំមួយក្នុងចំណោមបួន​របស់កងទ័ពរុស្ស៊ី និងមានទីស្នាក់ការ​នៅក្នុងទីក្រុង ខាបារ៉ូវក៍ (Khabarovsk) នៃភាគខាង​កើត​ចុងបំផុត​​នៃប្រទេសរុស្ស៊ី ដែលមានទីតាំង​យុទ្ធសាស្ត្រទល់នឹង​រដ្ឋអាឡាស្កា (សហរដ្ឋអាមេរិក) និង ប្រទេសជប៉ុន ហើយសម្រាប់ភាគនិរតីវិញ គឺជាប់ព្រំដែននឹងប្រទេសចិនមួយផ្នែក ព្រមទាំង​កូរ៉េខាងជើង​ផងដែរ៕