(ប៉េកាំង)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងរៀបចំពេលវេលា​សមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាលើកដំបូងគិតចាប់តាំង​ពីលោក បានឡើង​កាន់តំណែង​ជាប្រមុខដឹកនាំ​បក្សកុម្មុយនិស្ត​ចិន កាលពី​ខែវិច្ឆិកា ឆ្នាំ២០១២ តបតាម​ការ​​អញ្ជើញ​​ពីសំណាក់មេដឹកនាំ​កំពូល

កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​អាមេរិក CNN នារសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងភរិយា ព្រមទាំងគណៈប្រតិភូកូរ៉េខាងជើង បានបំពេញ​ទស្សនកិច្ច ០៤ថ្ងៃនៅប្រទេសចិន ដោយក្នុងនោះមាន ០២ថ្ងៃ គឺនៅឯទីក្រុង​ប៉េកាំង ក្រោមការ​អញ្ជើញរបស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង កាលពីអំឡុង​ចុងខែមីនាកន្លងទៅនេះ។
ប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង បានជួបពិភាក្សា​ជាមួយ លោក ស៊ី ជិនពីង អំពីទំនាក់ទំនង​​ដ៏យូរអង្វែង​ នៃសម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ហើយ​លោក គីម ក៏បានបញ្ជាក់​ជាថ្មីផងដែរ អំពីការប្តេជ្ញា​របស់លោក ចំពោះការលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

ចំពោះជំនួបកំពូល​ស្ងាត់ៗនាពេលនោះ បានកើត​មានឡើង ស្របពេល​ដែលលោក គីម ជុនអ៊ុន មានគម្រោង​ជំនួបជាមួយមេដឹកនាំ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ច​របស់ លោក គីម ត្រូវបានគេ​មើលឃើញថា មានគោលដៅ​ដើម្បីផ្សះផ្សារ​​ទំនាក់ទំនង​ជាមួយចិន ដែលជាសម្ព័ន្ធមិត្ត​ជិតស្និទ្ធបំផុតលេខ ១ និងជាអ្នកផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដ៏សំខាន់បំផុត​របស់ខ្លួន តែបានចូលរួម​ជាមួយ​អន្តរជាតិ​អនុវត្តន៍​ទណ្ឌកម្ម ដែលបានដាក់​ទៅលើកម្មវិធីនុយក្លេអ៊ែរ​ និងមីស៊ីល​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ដោយសារ​ចិនរងសម្ពាធពី​អន្តរជាតិខ្លាំងពេក។

សម្រាប់ទីក្រុង​ប៉េកាំងវិញ ជំនួបនេះ​ក៏ហាក់ដូចជា​បានផ្តល់ឱកាស​ ក្នុងការលើកកម្ពស់​តួនាទីរបស់ខ្លួន ក្នុងនាមជា​អ្នក​សម្របសម្រួល ក្នុង​ការដោះស្រាយ​កម្មវិធី នុយក្លេអ៊ែរ-មីស៊ីល ​របស់កូរ៉េខាងជើងផងដែរ។ នៅឯទីក្រុង​ប៉េកាំង លោក គីម បានប្រាប់​លោក ស៊ី ជិន ពីង ថា ស្ថានការណ៍​នៅ​ឧបទ្វីបកូរ៉េ​កំពុងតែ​ចាប់ផ្តើម​ ឆ្ពោះ​ទៅរក​ភាពប្រសើរ​​ឡើងហើយ ដោយសារតែខ្លួន​បានងាកទៅ​ដើរលើផ្លូវ ដើម្បីបន្ធូរបន្ថយ​ភាពតាន​តឹង និងបានស្នើឲ្យ​មានកិច្ច​ចរចា​សន្តិភាព៕