(ម៉ូស្គូ)៖ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវបានគេ​រាយការណ៍ថា​ មានបំណងចង់​ឱ្យ​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ដើរតួជំនួស​សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយ​កងទ័ព និងចេញថ្លៃ​ចាយវាយ ដើម្បីចូលរួមក្នុង​កិច្ចខិតខំប្រឹងប្រែង​រក្សាស្ថេរភាព​នៅតំបន់ ភាគឦសាន​ប្រទេសស៊ីរី។ នេះ​បើតាមកាសែត Wall Street Journal ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក​កំពុងរក្សាវត្តមានយោធា​របស់ខ្លួន​ នៅទីតាំងឈរជើង​សំខាន់ៗ ចំនួនពីរ​នៅស៊ីរីដោយទីមួយ គឺនៅជាប់ព្រំដែន​ជាមួយប្រទេស​ហ្ស៊កដានីភាគខាងត្បូង និងមួយទៀត​នៅតំបន់ភាគឦសាន​ប្រទេសស៊ីរី ដែលកំពុងស្ថិតនៅ​ក្រោមការគ្រប់គ្រង កងកម្លាំង​ឃើដ (​SDF)។ ប៉ុន្តែ​នាពេលថ្មីៗនេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្រាប់តែប្រកាស​ពីគំរោងដក​កងទ័ព​អាមេរិក​ចេញពីស៊ីរី ហើយដែល​ការសម្រេចចិត្តនេះ​ ត្រូវបានអ្នកជំនាញខ្លះ​មើលឃើញថា ជាប់ពាក់ព័ន្ធនឹង​ថ្លៃចាយវាយ​លើប្រតិបត្តិការ​របស់ខ្លួន។

ដោយឡែក ជុំវិញការប្រកាស​នេះដែរ កាសែត​អាមេរិក​ Wall Street Journal បាន​រាយការណ៍ថា រដ្ឋបាល​លោក ត្រាំ មានបំណង​ប្រគល់តំបន់ភាគឦសាន​ប្រទេសស៊ីរី ទៅឱ្យបណ្ដាប្រទេស​អារ៉ាប់គ្រប់គ្រង​ជំនួសវិញ។ កាសែត​មួយនេះ​បានបន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ថ្មី លោក ចន បូលតុន (John Bolton) បានពិភាក្សា​ការងារតាមទូរស័ព្ទ​ ជាមួយនាយក​ស៊ើបការណ៍សំងាត់ស្ដីទី​អេហ្ស៊ីប លោក អាប់បាស់ កាមែល (Abbas Kamel) ក្នុងគោលបំណង​ស្ទាបស្ទង់ថា តើប្រទេសអារ៉ាប់​មានបំណងចូលរួម​ ក្នុងការផ្លាស់ប្ដូរ​ការគ្រប់គ្រងនេះ​ដែរ ឬទេ? ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក​ក៏បានស្នើផងដែរ​ឱ្យអារ៉ាប៊ីសាអូឌីត កាតា និង​អេមីរ៉ាត់អារ៉ាប់រួម ដាក់ពង្រាយ​កងទ័ព និងចេញលុយ​រាប់ពាន់​លានដុល្លារ ដើម្បីរក្សាសន្តិភាព​នៅ តំបន់ភាគឦសាន​ប្រទេសស៊ីរី។

«បេសកកម្មនៃកងកង​កម្លាំងនៅក្នុងតំបន់ អាចនឹងត្រូវសហការជាមួយកង​កម្លាំងឃើដ និងក្រុមអ្នកប្រយុទ្ធអារ៉ាប់ គាំទ្រដោយ​សហរដ្ឋអាមេរិក ក្នុងយុទ្ធនាការ​កម្ទេចពួក ISIS និងធានាឱ្យបាន​ថា ពួកភេរវករមួយនេះ​នឹងមិនអាច​ត្រឡប់មកវិញ​សាជាថ្មី​ជាដាច់ខាត​​ ព្រម ទាំងទប់ស្កាត់​ការពង្រីកឥទ្ធិពល​របស់អ៊ីរ៉ង់​នៅក្នុងតំបន់»។ នេះ​បើតាម Wall Street Journal៕