(តៃប៉ិ)៖ សារព័ត៌មាន Asia Times បានធ្វើសេចក្តី​រាយការណ៍​ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន​មានភាពស្ទាក់ស្ទើរ​ ក្នុងការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងលក់​យន្តហោះចម្បាំង​ដ៏ទំនើបធុន F-35B ទៅឲ្យ​​តៃវ៉ាន់ គឺដោយសារតែក្តីព្រួយ​បារម្ភថា បណ្តាញចារកម្ម​របស់ចិន ​ដែល​បង្កប់​ខ្លួន​​​នៅ​លើ​តំបន់​ដី​​កោះ​នេះ នឹងអាចលួចប្រមូល​យកព័ត៌មាន​សំខាន់ៗ ពីយន្តហោះចម្បាំង​ជំនាន់ថ្មី​នេះ។ នេះបើតាម​ការដកស្រង់ការផ្សាយពី Asia Times ​​ដោយ​​​សារ​ព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ជុំវិញរឿងនេះ​ក្រុមសមាជិកសភា​នៅតៃវ៉ាន់ កំពុងតែអំពាវនាវ​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ចាត់វិធានការបោសសម្អាត​​រដ្ឋបាលរបស់ខ្លួន ដើម្បីធានាឲ្យ​បានថា បណ្តាញភ្នាក់ងារចារកម្ម​ចិន នឹងមិនអាចប្រមូល​យកព័ត៌មាន​សម្ងាត់ ពីតៃវ៉ាន់បាន ហើយលុះត្រាតែ​​នៅពេលដែល​លោកស្រី Tsai អាចធ្វើយ៉ាង​ដូច្នោះបាន ទើបកិច្ចចរចា​អំពីការទិញយន្តហោះ​ចម្បាំង F-35 ​តម្លៃប្រហែល ០៣ពាន់លានដុល្លារ​ ពីអាមេរិក ​អាច​បន្ត​ប្រព្រឹត្ត​​ទៅ​មុខ​​ទៀត​បាន​​។

គួរជម្រាបថា បើតាម​សារព័ត៌មាន Asia Times នាពេលថ្មីៗនេះអតីតរដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក វីលៀម ភែរី (William Perry) បានធ្វើ​ដំណើរមក​​មកកាន់កោះ​តៃវ៉ាន់ ដើម្បីបំពេញទស្សន​កិច្ចរយៈពេល​០៤ថ្ងៃ ដោយនាឱកាស​នោះលោក បានគូស​បញ្ជាក់ថា ​កិច្ចព្រមព្រៀង​ទិញ-លក់​​យន្ត​ហោះ F-35B រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ប្រហែលជាពុំមែនជាគំនិតល្អនោះ​ឡើយ ហើយផ្ទុយមកវិញ​លោកបានលើក​ជាយោបល់ថា តៃវ៉ាន់​គួរតែផ្តោត​បន្ថែមទៅលើ​ការបណ្តុះបណ្តាល​ អាកាសយានិក​របស់ខ្លួនវិញ​ល្អជាង៕