(វ៉ាស៊ីនតោន)៖ ក្រសួងសេដ្ឋកិច្ច​សហរដ្ឋអាមេរិក បានចេញ​​បម្រាមតែ​ម្តងចំពោះ​​ក្រុមហ៊ុន​នានាក្នុង​ស្រុក មិនឲ្យលក់​គ្រឿង​បរិក្ខា​គ្រប់​ប្រភេទ ទៅឲ្យក្រុមហ៊ុន​​ទូរគមនាគមន៍​ចិន ZTE ដែលមានមូលដ្ឋាន​​នៅទីក្រុងស៊ិនជិន​នោះ​ឡើយ ដោយយោង​ទៅ​លើទណ្ឌកម្ម​រយៈពេល ០៧ឆ្នាំ ដែលអាមេរិក​​បានដាក់ទៅលើ​ក្រុមហ៊ុន​ធំមួយនេះ ពាក់ព័ន្ធការ​រំលោភច្បាប់​​ស្តីពីការដាក់​​ទណ្ឌកម្ម​។ នេះបើតាម​ការដកស្រង់​ការផ្សាយពី Channel News Asia នាយប់​ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

ក្រុមហ៊ុន ZTE របស់ប្រទេសចិន ត្រូវបានតុលាការសហព័ន្ធ នៃរដ្ឋតិចសាស់រកឃើញថា បានរំលោភទណ្ឌកម្ម​អាមេរិក ដោយលួចលាក់លក់​ទំនិញ និងបច្ចេកវិទ្យានានាដោយ​បំពាន​ទៅកាន់ប្រទេសអ៊ីរ៉ង់។ ក្រុមហ៊ុននេះត្រូវបានផាកពិន័យ តម្រូវឲ្យសងជំងឺ​ចិត្ត​ជាទឹកប្រាក់ ៨៩០លានដុល្លារ ជាមួយនឹងប្រាក់​ពិន័យបន្ថែម ដែលត្រូវបាន​ទាមទារប្រមាណ ៣០០លានដុល្លារ​​អាមេរិក​ថែមទៀត៕