(តេហេរ៉ង់)៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួហានី បាននិយាយនៅ​ថ្ងៃចន្ទនេះថា ការដែល​សហរដ្ឋអាមេរិក បើកការវាយប្រហារដែន​អាកាសទៅលើប្រទេស​ស៊ីរីនោះ វាបានបង្ហាញយ៉ាង​ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែ​គាំទ្រដោយ​ប្រយោល ចំពោះពួកភេរវករ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

លោក រួហានី បានថ្លែងនៅក្នុង​ជំនួបសន្ទនាទូរស័ព្ទ​ជាមួយ លោក ពូទីន យ៉ាងដូច្នេះថា «អាមេរិកបាន​បង្ហាញនូវប្រតិកម្ម​បែបនេះ នៅពេលដែល​ពួកគេដឹងថា ក្រុមភេរវករ​ត្រូវបានបណ្តេញ​ចេញពី​តំបន់ហ្គួតា ភាគខាងកើត។ ការវាយប្រហារ​នេះ គឺរំលោភ​ច្បាប់​អន្តរជាតិ ហើយប្រសិនជាពួកគេ​នៅតែមិនទទួលបាន​ការឆ្លើយតប​ពីអន្តរជាតិ​ទៀតនោះ ភាពចលាចល​របៀបៗនេះ នឹងកើតមានយ៉ាង​ងាយបន្ថែម​ទៀត»

គួរបញ្ជាក់ថា ក្រោយការវាយប្រហារ​នៅស៊ីរី កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ ដែលជាអ្នកបង្កើត​ប្រតិបត្តិការ​នេះឡើង បានសម្តែង​នូវការអបអរ​ចំពោះជោគជ័យ​ដែលសម្ព័ន្ធមិត្ត​ទាំងបី អាមេរិក អង់គ្លេស និងបារាំង​សម្រេចបាន ហើយក៏ព្រមានវាយប្រហារ​ស៊ីរីថែមទៀតដែរ បើមិនព្រមបោះ​បង់ចោល​​អាវុធគីមី។

ជុំវិញបញ្ហានេះ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ីបានព្រមាន​តបវិញថា ការបន្តរំលោភ​ឥតឈប់ឈរ​លើច្បាប់​អន្តរជាតិ (UN) វានឹងបង្កឲ្យ​មានភាពចលាចល​ក្នុងទំនាក់ទំនង​ជាលក្ខណៈ​អន្តរជាតិ៕