(ផ្លូរីដា)៖ ការបាញ់​បង្ហោះកែវយឺតអវកាស​ថ្មីមួយរបស់ NASA ដែលមានតម្លៃ​​រហូត​ដល់ទៅ ៣៣៧លានដុល្លារ និងមានទំហំប៉ុនម៉ាស៊ីន​បោកខោអាវមួយ​គ្រឿងនោះ កាន់តែខិត​កៀកជិតមក​ដល់មែនទែន​ហើយ ដោយគោលដៅ​សំខាន់របស់វា គឺស្វែងរក​ភព​ផ្សេង​នៅប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង ដែលមានលក្ខណៈស្រដៀងនឹងភពផែនដី​យើង។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នា​រសៀលថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

ព័ត៌មានអំពីកែវយឺត​អវកាស TESS គឺមានជា​បន្តបន្ទាប់ ខណៈដែលវា​ត្រៀមនឹង​ត្រូវ​បាញ់បង្ហោះនៅ​ថ្ងៃចន្ទ ទី១៦​ ខែមេសា នាវេលាម៉ោង ៦៖៣២នាទី​​ល្ងាចថ្ងៃចន្ទ សប្តាហ៍នេះ (ពេលវេលា​នៅរដ្ឋផ្លូវរីដា ត្រូវនឹងពេលទៀប​ភ្លឺថ្ងៃអង្គារ ស្អែកនេះ ពេលវេលានៅ​អាស៊ីអាគ្នេយ៍) ដោយប្រើប្រាស់​គ្រាប់​រ៉ុក្កែត SpaceX Falcon 9 ចេញពី​ស្ថានីយ Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក។

គោលដៅធំ​បំផុតរបស់ TESS ដែលត្រូវអនុវត្តន៍​ក្នុងរយៈពេល ០២ឆ្នាំ ខាងមុខនេះ គឺការអង្កេតយ៉ាង​លម្អិត ទៅលើផ្កាយ​សរុបចំនួនជាង ២០០,០០០ ដើម្បីស្វែង​រកភព​នានា ដែលអាចគោចរ​នៅជុំវិញផ្កាយទាំងនោះ តាមរយៈការ​អង្កេតស្រមោល​ពន្លឺដែលបាំង​ដោយភព នៅពេលវាគោចរ​ជុំវិញផ្កាយមេ​របស់វា។ NASA បាន​សន្និដ្ឋានថា កែវយឺត​អវកាស TESS យ៉ាងហោច​ណាស់ ក៏នឹងរកឃើញ​ភពរហូតដល់ ២០,០០០ នៅបណ្តាប្រព័ន្ធផ្កាយ​ផ្សេងៗ ក្នុងបេសកកម្ម​របស់វា។

បន្ថែមពីនេះទៀត នៅក្នុងចំណោម​ភពដែលអាចរកឃើញ យ៉ាងហោច​ណាស់ក៏មាន​ភព​ទំហំប្រហាក់ប្រហែល​ផែនដីចំនួន ៥០ និងភពតូចជាង​ផែនដី (ទំហំផែនដីចែកជាពីរ) យ៉ាងហោច​ណាស់ក៏ ៥០០ភពផងដែរ។ លោកស្រី Elisa Quintana អ្នកវិទ្យាសាស្ត្រ​គ្រប់គ្រងលើ TESS របស់មជ្ឈមណ្ឌលហោះ​ហើរ​អវកាស Goddard របស់ NASA បានឲ្យដឹងថា «ភពទាំងនោះ​កំពុងតែគោចរ​នៅជុំវិញផ្កាយភ្លឺ​នោះហើយ។ យើងនឹង​រក​ឃើញ​ភពនានា ដែលគោចរជុំវិញផ្កាយ​ទាំងនោះ ដែលយើងមិនអាចឃើញ​​ដោយភ្នែក​ទទេបាននោះ​ឡើយ»។

បើតាមការបញ្ជាក់​ដ៏គួរឲ្យរំភើបរបស់ លោកស្រី Elisa នៅពេលប៉ុន្មានឆ្នាំ​ខាងមុខទៀត​ប៉ុណ្ណោះ តារាវិទូ ឬសូម្បីតែក្រុមអ្នក​អង្កេតផ្ទៃមេឃ​ពេលរាត្រី អាចចបង្អុល​ទៅលើ​ផ្កាយភ្លឺៗ​ណាមួយនៅលើមេឃ ហើយប្រាប់​មនុស្សគ្រប់គ្នា​ផ្សេងទៀតថា នៅជុំវិញ​ផ្កាយមួយដួងនោះ មានភពគោចរ​ជុំវិញចំនួន​ប៉ុន្មាន ទំហំប៉ុណ្ណា និងមានគន្លង​គោចរ​បែបណា​ទៀតផង។ វាពិតជាស្ថិត​នៅអនាគត​ ដ៏ខ្លីខាងមុខនេះ​ប៉ុណ្ណោះ៕