(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ គឺអត្តចរិតមិនសមរម្យ​នោះឡើយ ក្នុងការកាន់​តំណែង​​ជាប្រធានាធិបតី​​សហរដ្ឋអាមេរិក។ នេះបើតាម​សម្តី​របស់លោក James Comey ប្រាប់​សារព័ត៌មាន ABC នៅក្នុង​បទសម្ភាសន៍មួយ នាថ្ងៃអាទិត្យ (ពេលវេលា​នៅ​អាមេរិក)។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

លោក Comey បានអះអាង​យ៉ាងដូច្នេះថា «ខ្ញុំគិតថា គាត់ (លោក ត្រាំ) មិនសមរម្យ ក្នុងការកាន់តំណែង​ជាប្រធានាធិបតី។ ខ្ញុំគិតថា គាត់មិនសម​នឹងទទួល​ឋានៈ​មួយ​នេះ​​​តែម្តង។ ប្រធានាធិបតី​របស់យើង ត្រូវតែរួម​​បញ្ចូល​នូវការ​គោរព និងប្រកាន់ខ្ជាប់ជានិច្ចចំពោះគុណ​តម្លៃ ដែលជាស្នូល​នៃប្រទេសជាតិ​មួយនេះ។ អ្វីដែល​សំខាន់បំផុតនោះ គឺសច្ចៈភាព។ ប្រធានាធិបតី​រូបនេះ មិនអាចមាន​នូវអ្វីទាំងអស់នេះឡើយ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបណ្តេញលោក Comey ចេញពីតំណែង​នាយក FBI កាលពី​ខែឧសភា ឆ្នាំ២០១៧ ដោយសារតែ​ស្ថាប័នមួយនេះ បានធ្វើការស៊ើប​អង្កេតរឿងក្តីការទម្លាយ​សារសម្ងាត់ លោកស្រី Hillary Clinton និងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោត​កាលពីឆ្នាំ២០១៦ បានធ្វើឲ្យលោក ត្រាំ មិនពេញចិត្តជាខ្លាំង៕