(តូក្យូ)៖ នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ីហ្សូ អាបេ ដែលកំពុងតែគ្រប​ដណ្តប់ដោយ​រឿងអាស្រូវ និងការធ្លាក់ចុះប្រជាប្រិយភាព​នោះ អាចនឹងចុះចេញពី​តំណែង​នៅខែមិថុនា ខាងមុខនេះ។ នេះបើតាម​សម្តីអតីតនាយករដ្ឋមន្ត្រី​ជប៉ុណ​ លោក ជូនីជីរ៉ូ កូអ៊ីស៊ូមិ (Junichiro Koizumi) ដែលត្រូវបាន​ដកស្រង់ Reuters នាព្រឹក​ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

យោងតាម​ការស្ទង់មតិមួយ ដែលត្រូវបានចេញ​ផ្សាយដោយ ទូរទស្សន៍ជប៉ុន Nippon កាលពីថ្ងៃអាទិត្យ​បានបង្ហាញថា ប្រជាប្រិយភាព​របស់ លោក អាបេ បានធ្លាក់​ចុះមក​នៅត្រឹម ២៦.៧ភាគរយ ដែលវាពិតជា​ទាបខ្លាំង​បំផុត គិតចាប់តាំង​ពីលោក​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី​ជាថ្មី កាលពី​ខែធ្នូ ឆ្នាំ២០១២។ បន្ថែមពីនេះ​​កាសែត Asahi វិញ​បានចេញផ្សាយ​ការស្ទង់មតិ​របស់ខ្លួន ដោយផ្តល់ប្រជាប្រិយភាព​​ជូន លោក អាបេ ក្នុងកម្រិត ៣១ភាគរយ ដែលវាជាជាចំនួន​ទាបដូចគ្នា។

គួរបញ្ជាក់ថា លោក អាបេ បានធ្វើការច្រានចោល​ជាច្រើនដង នូវការ​ចោទប្រកាន់លើរូប​លោករឿងពុករលួយ និងការជួយជ្រោមជ្រែង​មិត្តភក្តិក្នុង​រឿងជំនួញ។ ទោះបីជា​បែប​នេះក្តី ការព្យាករណ៍​បានបង្ហាញថា លោក អាបេ អាចរៀបចំ​ការបោះឆ្នោត​បន្ទាន់​មួយ ដូចដែលលោក​បានធ្វើ​កាលពី​ខែតុលា ឆ្នាំ២០១៧ បើសិនជា​ប្រជាប្រិយភាព​​របស់​លោក​ នៅតែដាំក្បាលចុះ​បែបនេះ ហើយបើមិន​ដូច្នោះទេ វានឹងអាចដូចការ​​លើកឡើង​របស់​លោក កូអ៊ីស៊ូមិ នោះហើយ៕