(គូឡាឡាំពួ)៖ អតីតនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក ម៉ាហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ដែលជាមេដឹកនាំ​បក្សប្រឆាំងធំ​បំផុត នៅក្នុងប្រទេសនេះ បានប្រកាសថា លោកនឹងចូលរួម​ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស​សមាជិក​សភា​ម៉ាឡេស៊ី ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ​ហើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

ទោះបីជា​មានវ័យ ៩២ឆ្នាំ ទៅហើយពិតមែន ក៏លោក Mahathir នៅតែជាមេដឹកនាំ​បក្សប្រឆាំងធំបំផុតមួយ​នៅម៉ាឡេស៊ី ដែលបានចុះឈ្មោះប្រកួត​យកតំណែង​ជានាយករដ្ឋមន្ត្រី តំណាងឲ្យ​បក្ស Pakatan Harapan របស់លោក តទល់នឹង​បក្ស​កាន់អំណាច​របស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បច្ចុប្បន្ន គឺលោក ណាជីប រ៉ាហ្សាក់ ដែលមាន​ឈ្មោះថា គណបក្ស Barisan Nasional។

គួរបញ្ជាក់ថា លោក Mahathir បានកាន់តំណែង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក្នុងរយៈពេល​រហូតដល់ទៅ ២១ឆ្នាំ ហើយលោក​បានចូលរួមជា​មួយបក្សប្រឆាំង នៅពេលដែល​តំណែងរបស់លោក បានធ្លាក់ទៅ​លើ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងតែ​គ្របដណ្តប់ដោយរឿង​អាស្រូវពុករលួយ​ផងដែរនោះ។

សម្រាប់ស្នាដៃ​លេចធ្លោមួយ​របស់​ លោក Mahathir កាលពីនៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០៣​នោះ គឺលោកបាន​កែប្រែទាំងស្រុង​នូវកោះ Langkawi ឲ្យទៅជាតំបន់​ទេសចរណ៍​ដ៏ល្បីល្បាញខ្លាំង​សម្រាប់​ម៉ាឡេស៊ី ក៏ដូចជាជនបរទេស​មកពីទូរទាំង​សកលលោក ដែលមក​ទស្សនាប្រទេស​អាស៊ាន​មួយនេះ ដែលបានជួយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះ​យ៉ាងខ្លាំងក្លា៕