(ហាណូយ)៖ ប្រទេស​វៀតណាម បានបង្ហាញក្តីព្រួយបារម្ភ​របស់ខ្លួនជាខ្លាំង ចំពោះបញ្ហា​​ដែលបាន និងកំពុងកើតមាន​ឡើងថ្មីៗនេះ នៅក្នុងប្រទេស​ស៊ីរី ក្នុងនោះ​មាន​ទាំងការប្រើកម្លាំង ដែលជាការគំរាម​កំហែងដល់អាយុជីវិតជន​ស្លូតត្រង់​ជាទូទៅ ព្រមទាំង​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ ស៊ីនហួរ នាយប់​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។

តាមសម្តីអ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម អ្នកនាង Le Thi Thu Hang បានលើកឡើង​នៅថ្ងៃអាទិត្យនេះ​ថា «យើងសូម​សង្កត់ធ្ងន់ថា ជម្លោះ និងភាព​ផ្ទុយគ្នា​ទាំងឡាយ គួរតែត្រូវបាន​ដោះស្រាយ តាមរយៈមធ្យោបាយ​សន្តិភាព ស្របតាម​មូលដ្ឋាន នៃច្បាប់​អន្តរជាតិ ជាពិសេស​គឺធម្មនុញ្ញ នៃអង្គការ​​សហប្រជាជាតិ ព្រមទាំង​គោលការណ៍ នៃការគោរព​ឯករាជ្យ និងអធិបតេយ្យភាព នៃ​ប្រទេសនានា»

គួរបញ្ជាក់ថា ការវាយប្រហារ​ដោយអាមេរិក អង់គ្លេស និងបារាំង ទៅលើ​ប្រទេស​ស៊ីរី បានធ្វើឲ្យអន្តរជាតិ​ទាំងមូល មានការព្រួយបារម្ភ​យ៉ាងខ្លាំង ហើយកិច្ចពិភាក្សា​​ដោះស្រាយ​បញ្ហា និងអំពាវនាវ​ឲ្យមានការគោរព​ច្បាប់​អន្តរជាតិ ត្រូវបានធ្វើឡើង​ដោយបណ្តា​ប្រទេសជាច្រើន​រួចមក​ហើយ៕