(រីយ៉ាដ)៖ កិច្ចប្រជុំកំពូល​នៃ​បណ្តាប្រទេស​​សម្ព័ន្ធអារ៉ាប់ បានចាប់ផ្តើម​ប្រព្រឹត្ត​ទៅហើយ នៅក្នុង​ប្រទេស​​អារ៉ាប៊ីសាអូឌីត ដោយក្រៅពីកិច្ច​សហប្រតិបត្តិការ​នៃបណ្តាប្រទេស​នៅពិភពអារ៉ាប់​ទាំងឡាយ បញ្ហាប្រឈមធំៗ​ចំនួនពីរនោះគឺ សង្គ្រាម​នៅស៊ីរី និងជម្លោះរវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងក្លាយ​ជាប្រធានបទ​ក្តៅគគុក ដែលត្រូវតែលើក​យកមកពិភាក្សា។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំកំពូល​លើកទៅ ២៩ ខាងលើនេះ​ត្រូវបាន​ចាប់ផ្តើមឡើង​​នៅទីក្រុង Dhahran នៃអារ៉ាប៊ីសាអូឌីត គិតចាប់ពី​រសៀល​ថ្ងៃអាទិត្យនេះតទៅ (ម៉ោងនៅទីក្រុងរីយ៉ាដ)។ សម្ព័ន្ធអារ៉ាប់ គឺអង្គការមួយ​ដែល​សមាជិកសរុបចំនួន ២២ ដែល​សុទ្ធសឹង​តែ​ជាសេដ្ឋីប្រេង​​នៅតំបន់​​មជ្ឈិមបូព៌ា និងអាហ្វ្រិក​​ខាងជើង។

ដោយសារ​តំបន់ទាំងមូល កំពុងតែជួបប្រទះនូវប​ញ្ហាធំៗជាច្រើន​នោះ សម្ព័ន្ធអារ៉ាប់​ដែលជាបណ្តា​ប្រទេសជិតខាង នឹងប្រទេស​ជាសមាជិក​របស់ខ្លួន ដែលកំពុងជួបបញ្ហា ពួកគេមានតួនាទីក្នុងការ​សម្របសម្រួល និងស្វែងរកវិធី​ដោះស្រាយបញ្ហា​ជាបន្ទាន់។ សម្រាប់លទ្ធផលបឋមនៃកិច្ចប្រជុំ នឹងអាចចេញនាថ្ងៃចន្ទ ស្អែកនេះហើយ។

គួរបញ្ជាក់ថា បញ្ហានៅស៊ីរីបច្ចុប្បន្ននេះ​ គឺពាក់ព័ន្ធនឹងការវាយប្រហារ​ដោយ​ អាមេរិក អង់គ្លេស និងបារាំង ដោយយក​លេសឆ្លើយតបនឹង​ការប្រើប្រាស់​អាវុធគីមី ខណៈបញ្ហា​​អ៊ីស្រាអែល និងប៉ាឡេស្ទីនវិញ គឺពាក់ព័ន្ធទៅនឹងជម្លោះ​នៅតំបន់ហ្គាសា ដែលបានសម្លាប់​ជនជាតិប៉ាឡេស្ទីន​ជាង ២០នាក់ និងរបួស​រាប់ពាន់នាក់ ក្នុងរយៈពេល​ជាង ០៣សប្តាហ៍មកនេះ៕