(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក​ត្រៀមខ្លួនធ្វើការវាយប្រហារ​ជាថ្មីទៀត ទៅលើប្រទេសស៊ីរី ប្រសិនបើមាន​ការប្រើប្រាស់​អាវុធគីមី កើតមានឡើង​សាជាថ្មី។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នាល្ងាច​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។

ការព្រមាន​របស់លោក ដូណាល់ ត្រាំ ខាងលើនេះ​បានកើតមានឡើង បន្ទាប់ពី​​អាមេរិក បារាំង និងអង់គ្លេស ដឹកនាំការវាយប្រហារ​រួមគ្នា ទៅលើទីតាំងចំនួនបី​កន្លែងនៅ​ក្នុង​ប្រទេសស៊ីរី​ ជាការឆ្លើយតប​ទៅនឹងការប្រើប្រាស់​អាវុធគីមី ដែលអាមេរិកចោទថា របបដឹកនាំ អាស្សាដ ជាអ្នកវាយប្រហារ​ទៅលើសង្កាត់ ឌួម៉ា ជាយទីក្រុង​ដាម៉ាស់ ដែលបានសម្លាប់​មនុស្សជាង ៤០នាក់នោះ។

កងទ័ពរដ្ឋាភិបាល​ស៊ីរីបានអះអាង​ដដែលជាដដែលថា ខ្លួនមិនបាន​ប្រើប្រាស់អាវុធ​គីមីអ្វីនោះ​ឡើយ ដោយរឿងរ៉ាវ​គ្រប់យ៉ាង គឺជាការប្រឌិត​ឡើងដោយ​ក្រុមឧទ្ទាម ដែលគាំទ្រ​ដោយសហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការវាយប្រហារ​​កាលពី​ថ្ងៃសៅរ៍ ទៅលើប្រទេស​ស៊ីរី គឺជាការវាយលុក​ដ៏ខ្លាំងក្លាមួយ​មិនធ្លាប់មាន ដោយលោក​ខាងលិចត្រង់ៗ​តែម្តង ទៅលើរបបដឹកនាំ​ស៊ីរី ខណៈដែល​អន្តរជាតិ (UN) មិនបាន​គាំទ្រចំពោះ​ទង្វើនេះ​ឡើយ។

ទោះបីជា​បែបនេះក្តី សេចក្តីព្រាងថ្កោលទោស​អាមេរិក និងសម្ព័ន្ធមិត្ត ដែលរៀបចំ​ឡើងដោយ​រុស្ស៊ី ក៏ត្រូវបានក្រុមប្រឹក្សា​សន្តិសុខ​ UN ដែល​មានសមាជិក ១៥ ប្រទេស នោះទាត់ចោល​ផងដែរ៕