(ភ្នំពេញ)៖ បណ្តាញ​ព័ត៌មាន Reuters បានចេញ​ផ្សាយថា ស្ថានទូត​​សហរដ្ឋអាមេរិក ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បណ្តេញបុគ្គលិក​​សរុប ៣២នាក់ ចេញពី​ការងារ បន្ទាប់ពីរក​ឃើញថា ពួកគេមាន​ជាប់ពាក់ព័ន្ធ​ការចែកចាយ និងស្តុកទុក​រូបភាព​អាសអាភាស នៅក្នុងបណ្តាញ​ផ្ញើសារមិនផ្លូវការ​ជាក្រុម (Chat Group)។ នេះបើតាម​ការដកស្រង់​ព័ត៌មាន នារសៀល​ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។

ប្រភពសរុបចំនួន ០៤ បានប្រាប់ Retuers ឲ្យដឹងទៀត​ថា វីដេអូ-រូបភាពអាសអាភាស​ជាច្រើនឃ្លីប-សន្លឹក ដែលក្នុងនោះរួម​មានទាំងរូបភាព-វីដេអូ​​អាសអាភាស​មនុស្ស​អាយុ​ក្រោម ១៨ឆ្នាំ ផងដែរត្រូវបានរកឃើញនូវក្នុង Chat Group នៃបណ្តាញ​សង្គម​ Facebook។ រឿងរ៉ាវទាំងឡាយ​ត្រូវបានបែកការ ក្រោយពីភរិយានៃបុគ្គលិក​បម្រើ​ការងារម្នាក់នៅក្នុងស្ថានទូត បានធ្វើការរាយការណ៍​អំពីរឿង​អាសអាភាស​ដែល​ខ្លួនបាន​ឃើញនោះ ទៅកាន់មន្ត្រីមួយរូបនៅ​ក្នុងស្ថានទូត ហើយបន្ទាប់​មកទៀត​បញ្ហាទាំង​មូល ក៏ត្រូវបានបញ្ជូនបន្ត​ទៅកាន់ទីភ្នាក់ងារ​ស៊ើបអង្កេតសហព័ន្ធអាមេរិក ដែលហៅកាត់ថា FBI តែម្តង។

អតីតបុគ្គលិកស្ថានទូត​អាមេរិក​មួយរូប បានប្រាប់ Reuters ដោយសុំ​មិនបញ្ចេញ​ឈ្មោះថា «ពួកគេ (បុគ្គលិកដែល​ត្រូវបាន​បណ្តេញចេញ) ត្រូវបាន​ត្រួតពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ និងទូរស័ព្ទ​ដៃ»។ អតីតបុគ្គលិករូបនេះ​បាន​បន្ត​ទៀត​ថា មនុស្សទាំង ៣២នាក់ ក្នុងនោះរួមមាន​ទាំងជនជាតិ​ខ្មែរ និងជនជាតិខ្មែរ​កាត់​អាមេរិកាំង ដែលភាគច្រើន​ជាឆ្មាំការពារ​សន្តិសិខ និងស្មៀន ដោយពុំមាន​​មន្ត្រីទូតណាម្នាក់ស្ថិត​នៅក្នុង​ចំណោមពួកគេ​ដែលត្រូវបាន​បណ្តេញចេញទាំងនោះ​ឡើយ៕