(ស៊ីរី)៖ ទីភ្នាក់ងាររុស្ស៊ី​ប្រចាំ​ប្រទេសស៊ីរី បានឱ្យដឹងថា កងកម្លាំងរដ្ឋាភិបាល​ស៊ីរីបានដោត​ទង់ជាតិរបស់ខ្លួន​ហើយ នៅក្នុងតំបន់​ហ្គូតា ភាគខាងកើត (Ghouta) តាមរយៈ​ការគ្រប់គ្រង​ទីក្រុង​ឌួម៉ា​ទាំងស្រុង ខណៈក្រុមឧទ្ទាម​បានសម្រេច​ចិត្តដកថយ ហើយដែលនេះ នឹងក្លាយជាជ័យជម្នះ​ដ៏ធំបំផុត​សម្រាប់លោក​ប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

ការប្រកាសពីជ័យជម្នះ​របស់រដ្ឋាភិបាល​ស៊ីរី កើតមានឡើងនៅ​ពេលដែល​សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានព្រមាន​ក៏ដូចជាកំពុងពិចារណា​លើការប្រើប្រាស់​ កម្លាំងយោធាប្រឆាំងនឹងរបបដឹកនាំ​ទីក្រុងដាម៉ាស់ ជាការឆ្លើយតប​នឹងវាយប្រហារ​ដោយអាវុធគីមី នៅក្នុង​ទីក្រុងឌួម៉ា។ ជាមួយគ្នា​នោះដែរ ថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន ប្រធានាទីភ្នាក់ងារ​រុស្ស៊ីលោក Yury Yevtushenko បាន អះអាង​ដូច្នេះថា «ថ្ងៃនេះគឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ សម្រាប់កងកម្លាំង​រដ្ឋាភិបាលស៊ីរី​ ដែលទង់ជាតិ​នៃប្រទេស​របស់ពួកគេត្រូវ បានដោត​លើនៅក្នុងទីក្រុងឌួម៉ា... ហើយដែលនេះ​គឺជាការបញ្ជាក់ពីជ័យជម្នះ​ លើការគ្រប់គ្រង​តំបន់ហ្គូតា​ភាគខាងកើត​ទាំងស្រុង»។​

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី មនុស្សជាង ៤០,០០០នាក់ ក្នុងនោះរួម​មានគ្រួសារ និងសាច់ញាតិ​ក្រុមឧទ្ទាមរាប់ពាន់នាក់ បានចាកចេញ​ពីទីក្រុងឌួម៉ា ក្រោមកិច្ចព្រមព្រៀង​ជាមួយរដ្ឋាភិបាល​ស៊ីរី៕