(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារល្បាត​ព្រំដែនអាមេរិក​បានឱ្យដឹងថា ការសាងសង់រនាំង​ព្រំដែនភាគ​ខាងត្បូង ជាមួយប្រទេស​ម៉ិចស៊ីកូ បាន ចាប់ផ្ដើមហើយ បើទោះជា​ម៉ិចស៊ីកូ​ជំទាស់យ៉ាងណា​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា​ ឆ្នាំ២០១៨។

យោងតាមនាយក​ទីភ្នាក់ងារល្បាត​ព្រំដែនអាមេរិក លោក អារ៉ុន ហាល (Aaron A. Hull) រនាំងព្រំដែន​ដែលមានស្រាប់​ជាមួយម៉ិចស៊ីកូ ក្នុងទីក្រុង អែល ផាសូ (El Paso) នៃរដ្ឋតិចសាស់ នឹងត្រូវបានជំនួស​ដោយរនាំង​ព្រំដែនថ្មី។ លោក Hull បញ្ជាក់​យ៉ាងដូច្នេះថា «នេះគឺជាការ​ចាប់ផ្ដើម​សាងសង់ ជញ្ជាំងរបស់លោក​ប្រធានាធិបតី ហើយដែលគំរោង​នេះ​មានបណ្ដោយប្រវែង ៣២គីឡូម៉ែត្រ និងកម្ពស់ ០៩ម៉ែត្រ លាតសន្ធឹង​ពីទីក្រុង តាន់តា ទែរ៉េសា (Santa Teresa) និង ទីក្រុង ញូម៉ិចស៊ីកូ (New Mexico) តែម្តង»។

លើសពីនេះ​ទៅទៀត នាយកខាងលើបានបន្ថែមថា ការសាងសង់ជញ្ជាំងព្រំដែនថ្មីនេះធ្វើ ឡើងស្របតាមបទបញ្ជា​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីអន្តោប្រវេសន៍កាលពី​ខែមករា ឆ្នាំ២០១៧ ដែលនឹង ប្រើពេលមួយឆ្នាំ​ក្នុងការសាងសង់ និងមានតម្លៃជាង ៧៣លានដុល្លារ។

គួររំលឹកថា ពាក់កណ្ដាល​នៃព្រំដែនមាន​ប្រវែង ៣,៣០០គីឡូម៉ែត្រ រវាងប្រទេសទាំងពីរ​នឹងមានជញ្ជាំង​ព្រំដែន ឬរនាំងព្រំដែន​នៅ ត្រឹមឆ្នាំ២០២៧ បើសិនជាការសាងសង់ត្រូវបញ្ចប់ទាំងស្រុង៕