(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជា​នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នឹងជួបជាមួយអ្នក​តាក់តែងច្បាប់​មួយចំនួនរបស់​អាមេរិកនា​ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ពោលគឺ​នៅមួយថ្ងៃ​មុនលោក ត្រូវចូលផ្តល់សក្ខីកម្ម​នៅចំពោះមុខ​​សភាអាមេរិក តាមការ​កោះហៅ ជុំវិញការប្រើប្រាស់​ដោយមិនត្រឹមត្រូវ នៃទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ជិត ៩០លាននាក់ ដោយ​ក្រុមហ៊ុនប្រឹក្សា​នយោបាយមួយ ដែលមានមូលដ្ឋាន​នៅទីក្រុង​ឡុងដ៍។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

យោងតាមប្រភព​ពីមន្រ្តីនៅក្នុង​សភាអាមេរិក គម្រោងជួប​ពិភាក្សាគ្នានេះ នឹងប្រព្រឹត្ត​ទៅនៅ​ឯវិមាន Capitol Hill ដែលនឹងធ្វើ​ឡើង​រហូតដល់​រសៀល​ថ្ងៃចន្ទសប្តាហ៍​នេះហើយ រួមមាន​នូវវត្តមានរបស់​សមាជិកមួយចំនួន​ នៃគណៈកម្មាធិការ​ផ្សេងៗ​របស់សភា​អាមេរិក ដែល​លោក Zuckerberg ត្រូវផ្តល់សក្ខីកម្ម​នៅ​ចំពោះមុខនោះ។

គួរជម្រាបថា ក្រុមហ៊ុន Facebook បានធ្លាក់ផុងក្នុង​រណ្តៅបញ្ហា​កាន់តែខ្លាំង​ កាលពីពេល​ថ្មីៗនេះ ក្រោយពីខ្លួន​បានទទួល​ស្គាល់ថា ព័ត៌មាន​ឯកជនរបស់​អ្នកប្រើប្រាស់​រហូតដល់ ៨៧លាននាក់ ដែលភាគច្រើន​ក្នុងនោះនៅ​សហរដ្ឋអាមេរិក ប្រហែលជាត្រូវ​បានប្រមូល​យកដោយ​មធ្យោបាយ​ត្រឹមត្រូវ ដោយក្រុមហ៊ុន​ប្រឹក្សាផ្នែកនយោបាយ​របស់អង់គ្លេស Cambridge Analytica។ ជាមួយគ្នា​នេះ បើតាមអ្នកនាំ​ពាក្យ​ម្នាក់​​របស់ Facebook ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ ក៏គ្រោងចាប់​ផ្តើមជូនដំណឹង​ដល់អ្នក​ប្រើប្រាស់​ទាំងឡាយ ដែលបាន​ប៉ះ​ពាល់​​ក្នុង​បញ្ហា​នេះ នៅ​ថ្ងៃ​ចន្ទសប្តាហ៍​នេះផងដែរ៕