(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថា អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខ​ជាតិ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ លោក ម៉ៃឃើល អានតុន (Michael Anton) មានគំរាង​លាលែង​ពីតំណែង ហើយដែលនេះ​នឹងធ្វើឱ្យលោក ក្លាយ​ជាបុគ្គលិកចុងក្រោយ​គេ ដែលចែកផ្លូវគ្នា ជាមួយរដ្ឋបាល​លោក ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ការប្រកាសខាង​លើរបស់សេតវិមាន​កាលពីថ្ងៃអាទិត្យ កើតមានឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ​ មុននឹងលោក John Bolton ឡើងកាន់ តំណែងជា​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិកថ្មី​ នៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ «ជារៀងរាល់ថ្ងៃ ខ្ញុំបានធ្វើការងារ​ជាមួយ លោក Michael ហើយវា​គឺជាពេលវេលា​មួយដ៏ល្អ... យើងនឹងនឹក​រូបគាត់​ជាទីបំផុត»។ នេះបើតាម​អ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) ប៉ុន្តែលោកស្រី​មិនបានបញ្ជាក់​ថា ហេតុអ្វីបានជា​លោក Michael Anton លាលែងពី​តំណែង​នោះទេ។

គួររំលឹកថា កាលពី​ថ្ងៃទី២២ ខែមីនា សេតវិមានបាន​ប្រកាសពីការ​ចាកចេញ​ របស់អតីតទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក H.R. McMaster ដើម្បីទុក​កន្លែងឱ្យ​លោក John Bolton អង្គុយតំណែងនេះ​ជំនួសវិញ ខណៈគេរំពឹង​ថា បុរសរូបនេះនឹងបង្កើនគោល​នយោបាយ​អាមេរិក​កាន់តែខ្លាំង៕ ​