(វ៉ាស៊ីនតោន)៖ នៅទីបំផុត​សហរដ្ឋអាមេរិក​បានទទួលស្គាល់​ហើយថា កូរ៉េខាងជើង​កំពុងមានបំណង​ ចង់ពិភាក្សាអំពីការបោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំ​កំពូលទ្វេភាគី​ នៅខែឧសភាខាង​មុខនេះ។ នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ​ ទី០៩ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នានោះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ ថ្លែងនៅក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ ក៏បានប្រាប់យ៉ុនហាប់​ផងដែរថា សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បានជួបពិភាក្សា​គ្នា​ដោយសំងាត់ ស្ដីពីការរៀបចំ​កិច្ចប្រជុំជាប្រវត្តិសាស្ត្រ​រវាង​ភាគីទាំងពីរ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន​​ ត្រូវបានគេ​រំពឹងថា ជួបពិភាក្សាគ្នា​នៅមុនចុង​ខែឧសភាខាងមុខនេះ ពាក់ព័ន្ធនឹង​ការលុបបំបាត់​​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ បន្ថែមពីលើនេះ គំរោង នៃកិច្ចប្រជុំនេះ​កើតមានឡើង​មួយឆ្នាំ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង តម្លើងសរសៃក​ដាក់គ្នា និងគំរាមដាក់​គ្នាទៅវិញ​ទៅមក ដោយសារ​តែការធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ជាបន្តបន្ទាប់​ ពីសំណាក់​កូរ៉េខាងជើង។

គួររំលឹកថា​ នៅអំឡុងដំណើរ​ទស្សនកិច្ចស្ងាត់ៗ​នៅទីក្រុង​ប៉េកាំង កាលពី​ខែមុន លោក គីម ជុងអ៊ុន បានប្រកាសថា នឹងរៀបចំ​កិច្ចប្រជុំកំពូល​ជាមួយប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃទី២៧ ខែមេសា នៅឯតំបន់គ្មាន​យោធានៃ​ព្រំដែនអន្តរកូរ៉េ ស្ថិតនៅប៉ែកទឹកដី​កូរ៉េខាងត្បូង៕