(ញូដេលី)៖ ខណៈឥណ្ឌាកំពុងតែមានភាពតានតឹង នៅតំបន់កាស្មៀ​ជាមួយនឹង​ប៉ាគីស្ថាន​នោះ មហាយក្ស​លេខ ២ នៅតំបន់​អាស៊ីមួយនេះ បានប្រកាស​ធ្វើសមយុទ្ធ​ទ័ព​​អាកាស​រយៈពេល​រហូតដល់ទៅ ០២សប្តាហ៍ ដែលជាលំហាត់​ហ្វឹកហ្វឺនដ៏ធំបំផុត​មួយ ប្រចាំឆ្នាំ២០១៨ នេះតែម្តង។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

អំឡុង​នៃការធ្វើសមយុទ្ធទ័ព​អាកាស ដែលមាន​រហស្សនាមថា «លំហាត់ហ្គាហ្គាន់ហ្សាកទី» (Gaganshakti) នឹងត្រូវចូលរួម​ដោយ​​យន្តហោះយោធា និងយន្តហោះចម្បាំង ១,១០០គ្រឿង ក្នុងនោះមាន​ទាំង​យន្តហោះចម្បាំង​ប្រភេទ Sukhoi-30MKI ដែលទិញ​ពីរុស្ស៊ី និងយន្តហោះចាក់សាំង​​នៅកណ្តាលអាកាស​ ជាច្រើន​គ្រឿងថែមទៀត។ សមយុទ្ធដ៏ធំមហិមាបែបនេះ ត្រូវបាន​ឥណ្ឌា​អះអាងថា ជាការហ្វឹកហ្វឺន​ជំនាញ ដើម្បីជាការត្រៀមខ្លួន​ឲ្យបានរួចរាល់ សម្រាប់​ហេតុការណ៍នានា ដែលអាចកើតមានឡើងភ្លាមៗ​ ដោយឥតព្រាងទុក។

អ្នកនាំពាក្យកងទ័ពអាកាស​ឥណ្ឌា លោក អានុផាម បាណែហ្សី (Anupam Banerjee) បាន​អះអាងថា «វាជាលើក​ដំបូងបំផុត ដែលមាន​ការហ្វឹកហ្វឺន និងធ្វើ​សមាហរណកម្ម​យន្តហោះចម្បាំង Tejas ជាពន្លឺប្រកប​ដោយប្រសិទ្ធភាព ដើម្បីអាចធ្វើ​ប្រតិបត្តិការ​ដោយកងទ័ពអាកាសឥណ្ឌា ទៅតាមការគ្រោងទុក»។ ការបង្កើនជំនាញនេះ ក៏នឹងត្រូវ​ផ្សាភ្ជាប់ជាមួយ​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក​ផងដែរ៕