(វ៉ាស៊ីនតោន)៖​​​ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួនបានបិទ Page របស់ក្រុមហ៊ុនប្រឹក្សា​ផ្នែកនយោបាយ​របស់កាណាដា ដែលមាន​ឈ្មោះ​ថា AggregateIQ ក្រោយពីមាន​សេចក្តីរាយការណ៍​ថា ក្រុមហ៊ុនវិភាគទិន្នន័យនេះ ប្រហែលជា​មាន​ជាប់ពាក់ព័ន្ធ​​នឹងក្រុមហ៊ុន Cambridge Analytica ក្នុងករណី​លួច​ប្រមូល​ព័ត៌​មាន​​ឯក​ជន របស់អ្នក​ប្រើ​ប្រាស់​បណ្តាញ Facebook។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ​២០១៨។

ខណៈពេល​នេះ ក្រុមហ៊ុន Facebook កំពុងបន្តតែស្ថិត​ក្រោមដាក់សម្ពាធ​ជាខ្លាំង ក្រោយពីទិន្នន័យ​នៃអ្នកប្រើប្រាស់​ រាប់សិបលានរបស់ខ្លួន បាន​ធ្លាក់ទៅក្នុងដៃ​​របស់​ ក្រុមហ៊ុន​ប្រឹក្សាផ្នែក​នយោបាយ​នៅអង់គ្លេស Cambridge Analytica ដោយមិន​ដឹងខ្លួន។ លោក គ្រីស្តូហ្វឺ វីឡាយ (Christopher Wylie) ដែល​ធ្លាប់បំពេញ​ការងារនៅឯ ខេមប្រ៊ីជ អាណាល់ឡៃធីខា (Cambridge Analytica) បាននិយាយថា ក្រុមហ៊ុននេះ ធ្លាប់បានសហការ​ជាមួយ ក្រុមហ៊ុន​​មាន​ជំនាញ​​ដូច​គ្នា​​របស់​កាណាដា អាហ្គ្រីហ្គេតអាយឃ្យូ (AggregateIQ)។

នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយ Facebook បានប្រកាស​ឲ្យដឹងថា បន្ទាប់ពីមាន​សេចក្តីរាយការណ៍​នាពេលថ្មីនេះថា ក្រុមហ៊ុន AggregateIQ ប្រហែលជា​មានជាប់ទាក់ទិន​នឹងក្រុមហ៊ុន Cambridge Analytica ហើយជាលទ្ធផលអាច​នឹងទទួលបានទិន្នន័យ​ផ្ទាល់ខ្លួន ​របស់អ្នក​ប្រើប្រាស់ Facebook ដោយពុំ​ត្រឹមត្រូវនោះ បណ្តាញសង្គម​យក្សនេះ បានសម្រេច​បិទ Page របស់ AggregateIQ ជា​បណ្តោះអាសន្ន។

គួរជម្រាបថា បើតាមលោក Wylie ក្រុមហ៊ុន AggregateIQ ធ្លាប់បាន​ទទួលលុយពី​ក្រុមហ៊ុនយុទ្ធនាការ​ ដែលគាំទ្រ Brexit (ដកអង់គ្លេស​​ចេញ​ពីសហភាពអឺរ៉ុប) នៅមុនការធ្វើ​ប្រជាមតិកាល​ពីឆ្នាំ២០១៦ នៅពេលដែល​ចក្រភពអង់គ្លេស ក្នុងសំឡេងភាគ​ច្រើនបានបោះឆ្នោត​​លែង​លះ​ជាមួយ​សហភាពអឺរ៉ុប។ ដោយឡែក​សម្រាប់ Cambridge Analytica វិញ គឺក្រុមហ៊ុននេះ ធ្លាប់ត្រូវបានជួល​ដោយក្រុមហ៊ុន​យុទ្ធនាការ​​របស់​លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦៕