(ហ្គាណា)៖ ក្រុមសកម្មជន​ហ្គាណា​បានព្រមានថា ខ្លួននឹងរៀបចំ​ការធ្វើបាតុកម្មទ្រង់ទ្រាយធំ​ជាបន្តបន្ទាប់ទៀត ប្រឆាំងនឹង​កិច្ចព្រមព្រៀង​​ស្តី​ពីកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារ​ជាតិ (DCA) រវាងរដ្ឋាភិបាល​ នៃប្រទេស​អាហ្រ្វិក​មួយនេះ និង​សហរដ្ឋអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

អ្នករៀបចំ​ចលនា Ghana First Patriotic Front ឬ GFPF បាន​ប្រកាសថា ខ្លួនកំពុងប្រមែប្រមូល​សមាជិក ដើម្បីត្រៀមខ្លួន​សម្រាប់​ការ​ប្រឆាំងតវ៉ាទ្រង់ទ្រាយធំ​ថ្មីមួយទៀត ដែលទង្វើ​ទាំងអស់នេះ គឺមានគោល​បំណង​ជំរុញឲ្យ​រដ្ឋាភិបាល​ហ្គាណា ដកខ្លួនពីកិច្ច​ព្រមព្រៀង ដែលខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​អាមេរិក។

គួរជម្រាបថា កិច្ចព្រមព្រៀង​ខាងលើនេះ បានបង្កើតក្តី​ព្រួយបារម្ភថា វានឹងក្លាយ​ជាការ​បើកផ្លូវដល់ សហរដ្ឋអាមេរិក បោះ​​មូលដ្ឋានទ័ព​ នៅ​ក្នុងប្រទេស​ហ្គាណា ហើយកិច្ចព្រម​ព្រៀងនេះ ត្រូវគេជឿជាក់ថា មានលក្ខខណ្ឌ​ដទៃទៀត ដែលអាចប៉ះពាល់ដ​ល់អធិបតេយ្យភាព​ ​របស់​ប្រទេស​អាហ្រ្វិកខាងលិច​មួយនេះ។ ដោយឡែក ប្រធានាធិបតី​ហ្គាណា លោក ណាណា អាគូហ្វូ អាដឌូ (Nana Akufo-Addo) បានច្រានចោល​ក្តីព្រួយបារម្ភ​ទាំង​អស់​នេះ​ដោយថា រដ្ឋាភិបាលបាន​យល់ស្របចំពោះ​កិច្ចព្រមព្រៀងនេះ គឺដោយសារ​តែវា ពុំបង្កការគំរាមកំហែង​ណាមួយ ដល់អធិបតេយ្យភាព​​​របស់ហ្គាណា​ឡើយ៕