(សេអ៊ូល)៖ នៅទីបំផុតដូចការ​រំពឹងទុក អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ត្រូវបានតុលាការក្រុងសេអ៊ូល ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចរដ្ឋ ថែមទាំងពិន័យជាប្រាក់ ១៧លាន​ដុល្លារ​អាមេរិក។ នេះ​បើតាមការចេញ​ផ្សាយនៅ​មុននេះបន្តិច ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

លោកស្រី ផាក ត្រូវបានគេចោទ​ប្រកាន់ពីបទល្មើសចំនួន ១៨ករណី ក្នុងនោះរួមមានទំាងអំពើពុករលួយ និងរំលោភ​អំណាចរដ្ឋ ជុំវិញសំណុំរឿងពុករលួយ​នយោបាយជាមួយគូកនលោកស្រី ឈ្មោះ ឆយ ស៊ូនស៊ីល។ លោកស្រី ឆយ គឺជាមិត្តជិតស្និទ្ធ​បំផុតរបស់​លោកស្រី ផាក ដែលត្រូវបាន គេចោទប្រកាន់ថា ប្រើប្រាស់ និងយកអំណាច​ប្រធានាធិបតី ដាក់សម្ពាធ​លើបណ្ដាក្រុមហ៊ុន​ធំៗនៅក្នុងស្រុក ឱ្យបង់ប្រាក់ជាង ៧២.៦លានដុល្លារ​ ចូលក្នុងមូលនិធិ​គ្រប់គ្រងដោយ​ស្ត្រីរូបនេះ។

គួររលឹកថា លោកស្រី ផាក គឺនហេ មានអាយុ ៦៦ឆ្នាំ បានក្លាយជា​ប្រធានាធិបតី​ដំបូងគេ​ ដែលត្រូវបានទម្លាក់​ចេញពី​តំណែង កាលពី​ខែមីនា ឆ្នាំ២០១៧ និងត្រូវបានចោទ​ប្រកាន់ជាផ្លូវការ​ ពីបទពុករលួយ​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨។ យ៉ាងណា​ក៏ដោយ លោកស្រី ផាក នៅតែបដិសេធថា ខ្លួនមិនបានធ្វើខុស​ដូចការចោទ​ប្រកាន់ទាំងអស់​នោះឡើយ ។

ដោយឡែកជុំវិញ​សំណុំរឿងពុក​រលួយនេះដែរ ស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ត្រូវបានផ្តន្ទាទោស​​ដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំមូលនិធិសាធារណៈ និងលូកលាន់កិច្ចផ្ទៃក្នុង​រដ្ឋកាលពី​ថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ខណៈអតីតមនុស្ស​ជំនិតលោកស្រី ​ផាក គឺនហេ ម្នាក់ទៀត គឺលោក អាន ចុងប៊ុម (An Chong-bum) ត្រូវបាន​កាត់ទោស​​ដាក់​ពន្ធនាគារ ០៦ឆ្នាំ ពីបទ​ឃុបឃិត​​ជាមួយ​​ លោកស្រី ផាក និង​លោកស្រី ឆយ ស៊ូនស៊ីល នៅក្នុងពេល​កាន់​អំណាច៕