(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិត​យន្តហោះ​លំដាប់កំពូល​របស់អាមេរិក Boeing ទីបំផុតបាន​បង្ហាញក្តីព្រួយបារម្ភ​ជាខ្លាំង អំពីបញ្ហាវិវាទ​ផ្នែកពាណិជ្ជកម្ម​ រវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុង​បន្តប្រព្រឹត្តទៅ​ដោយគ្មានភាព​ធូរស្បើយ ហើយទំនងជា​នឹងកាន់តែតានតឹង រហូត​​ផ្ទុះចេញ​ជាសង្រ្គាមពាណិជ្ជកម្ម​ដ៏ធំមួយ ដែលនឹងជះផល​អវិជ្ជមាន ដល់​ឧស្សាហកម្ម​ផលិតយន្តហោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។

ក្រុមហ៊ុន Boeing បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​ខ្លីមួយថា សមរភូមិដំឡើងថ្លៃពន្ធ​រវាងសហរដ្ឋអាមេរិក និងចិន អាចបង្កគ្រោះថ្នាក់​ដល់ឧស្សាហកម្ម​ផលិតយន្តហោះ​នៅទូទាំងពិភពលោក។ ដោយព្រួយបារម្ភខ្លាំង​ ពីការអាចផ្ទុះសង្រ្គាម​ពាណិជ្ជកម្ម Boeing បានបញ្ជាក់ថា វិស័យឧស្សាហកម្មផលិតយន្តហោះ ដែលមានភាពរឹងមាំ​ និង​រស់រវើក គឺសំខាន់ខ្លាំងណាស់ សម្រាប់វិបុលភាព​សេដ្ឋកិច្ច និងសន្តិសុខជាតិ​របស់​​ប្រទេសទាំងពីរ។ ក្រុមហ៊ុន Boeing ក៏បានបង្ហាញក្តី​សង្ឃឹម​ផងដែរថា កិច្ចពិភាក្សា​នឹងបន្តកើតមាន​ រវាងរដ្ឋាភិបាល​អាមេរិក និងចិន ដែល​​សុទ្ធតែជា​មហាអំណាចសេដ្ឋកិច្ច​កំពូលទាំងពីរ នៅក្នុង​ពិភពលោក។

គួរជម្រាបថា ក្នុងការឆ្លើយតប​ចំពោះ ផែនការដំឡើង​ថ្លៃពន្ធ​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ទៅលើទំនិញ​នាំចូលរបស់ចិនចំនួន ១,៣០០មុខ ដែលមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ ទីក្រុងប៉េកាំង បានព្រមានចាត់​វិធានការដំឡើងពន្ធក្នុង​អត្រា ២៥ភាគរយ ទៅលើ​​ទំនិញនាំ​ចូលរបស់អាមេរិក​ ដែលមានតម្លៃ ៥០ពាន់លានដុល្លារ​ដូចគ្នាវិញ។ ទំនិញនាំចូល​ទាំង ១០៦មុខរបស់អាមេរិក រួមមានសណ្តែក​សៀង គ្រឿងគីមី និងយន្តហោះ​ជាដើម។ ពាក់ព័ន្ធនឹង​យន្តហោះគឺ យន្តហោះធុន​ដ៏ល្បី និងលក់ដាច់​ជាងគេ​​របស់ Boeing គឺ 737 ក៏នៅជាប់ក្នុង​បញ្ជី​ដំឡើង​ពន្ធនាំចូល​របស់ចិន​ផងដែរ៕