(អាមេរិក)៖ យោងតាមលទ្ធផល នៃការសិក្សាថ្មី​មួយបាន​បង្ហាញឲ្យ​ឃើញថា ប្រហោងខ្មៅ​ (Black Hole) រាប់ពាន់​ប្រហែលជា ​កំពុងស្ថិតនៅជុំវិញ​ប្រហោង​ខ្មៅ​​យក្ស​ ដែលស្ថិតចំ​កណ្តាលបេះដូង​ នៃកាឡាក់ស៊ី​របស់​យើង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី វែបសាយ Space.com នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។

នៅតាមចំណុច​កណ្តាល​ នៃកាឡាកស៊ី​ភាគច្រើន បើមិនមែនទាំងអស់​ទេនោះ គឺមានវត្តមាន​ប្រហោងខ្មៅយក្ស​ដ៏ធំៗមហិមា ដែលគេ​ហៅថា​ Supermassive Black Hole មានម៉ាសធំ​ជាងព្រះអាទិត្យដល់​ទៅរាប់លាន ឬរាប់ពាន់លាន​ដងឯណោះ។ ឧទាហរណ៍ នៅចំបេះដូងនៃកាឡាក់​ស៊ី Milky Way របស់យើង គឺមាន​ប្រហោងខ្មៅ​​យក្សឈ្មោះថា Sagittarius A* ដែលមានទំហំ​ស្មើនឹង ៤.៥លានដង នៃទំហំព្រះអាទិត្យ។

វិធីសាស្រ្តដ៏​សំខាន់ ដែលអ្នកវិទ្យាសាស្រ្ត​គិតថា ពពួក​ប្រហោងខ្មៅ​យក្ស រីកលូតលាស់​ឡើង គឺតាមរយៈ​ការលេបប្រហោង​ខ្មៅតូចៗ​ជាងវា​​ ដែលមានម៉ាស​ធំជាងព្រះអាទិត្យ ០៣ ឬ ០៤ដង ប៉ុណ្ណោះ ហើយការសិក្សា​ឲ្យកាន់តែច្បាស់​បន្ថែម ពីដំណើរការ​នៃការរីកលូតលាស់​នេះ​ គឺ​មានសារៈសំខាន់ជាខ្លាំង ដើម្បីបង្កើនការ​យល់ដឹងអំពី​ឥទ្ធិពល ដែលប្រហោងខ្មៅ​យក្សទាំងនោះ អាចមានទៅ​លើការវិវត្តន៍​នៃកាឡាក់ស៊ី​រៀងៗខ្លួន​របស់ពួកវា។

អស់រយៈពេលជា​ច្រើនទសវត្សរ៍​កន្លងមកនេះ ក្រុមតារាវិទូ​បានបរាជ័យ​ ក្នុងការតាមស្វែងរក​ប្រហោងខ្មៅ​រហូតដល់​ចំនួន ២០,០០០ ដែល​ការ​សិក្សា​​ពី​មុនៗ​​​ទៀត បាន​ព្យាករណ៍ថា គួរតែមានវត្តមាន​ផ្តុំគ្នា​ នៅជុំវិញស្នូលរបស់​កាឡាក់ស៊ី Milky Way។ បើលោក Chuck Hailey ប្រធាន​​ដឹក​នាំ​ការ​​សិក្សា​​ថ្មីខាងលើ ប្រហោងខ្មៅ Sagittarius A* នៅហ៊ុមព័ទ្ធ​ជុំវិញដោយ​បណ្តុំឧស្ម័ន និងធូលីអវកាស ដែល​ផ្តល់​ទី​កន្លែង​ដ៏​សាកសម​បំផុត សម្រាប់​ការ​បង្ក​កំណើតដល់​ផ្កាយធំៗ ដែលអាចបង្កើត​ចេញជា​ប្រហោងខ្មៅ នៅពេលពួកវាផុត​រលត់អាយុ​ជីវិតទៅ​វិញ។ បន្ថែមពីនេះ កម្លាំងទំនាញ​ដ៏ខ្លាំង​ក្លារបស់ Sagittarius A* ក៏អាចទាញ​ប្រហោងខ្មៅ​ដទៃទៀត ដែលនៅខាងក្រៅតំបន់នេះ​ចូលមក​ផងដែរ។

យ៉ាងណាមិញ ពុំមានក្រុមអ្នក​វិទ្យាសាស្រ្តណា អាចរកឃើញការ​ប្រមូលផ្តុំដ៏ធំ​សម្បើម នៃប្រហោងខ្មៅបែបនេះ ដែលគេ​ហៅថា Desity Cusp ឡើយ។ សព្វថ្ងៃគឺមាន​ប្រហោងខ្មៅតែ​ប្រមាណជា ៥០ ទៅ ៦០ ប៉ុណ្ណោះ ដែលគេ​បានអង្កេតដឹងថា មានវត្តមាននៅក្នុងកាឡាក់​ស៊ីទាំងមូល​របស់យើង ដែលមាន​ប្រវែងសរុប​ប្រហែល ១០០,០០០ឆ្នាំពន្លឺឯណោះ។

គួរជម្រាបថា បើតាមការសិក្សា​ពីមុន​ទាក់ទិននឹងការរីកលូតលាស់​ នៃប្រហោង​ខ្មៅយក្ស តាមពិតទៅប្រហោង​ខ្មៅ​ចំនួនចន្លោះ​ពី ១០,០០០ ដល់ ២០,០០០ ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងតំបន់​ចំណុចកណ្តាល​កាឡាក់ស៊ី Milky Way ដែលមានទំហំ​ត្រឹម ០៦ឆ្នាំពន្លឺប៉ុណ្ណោះ។ ដោយ​ឡែក ​ពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ​ដែលដឹកនាំ​ដោយ លោក Hailey បានរកឃើញ​តំរុយមួយចំនួន ដែលប្រហែល​ជាអាចបញ្ជាក់​បានថា ប្រហោងខ្មៅ​ប្រមាណជា ១០,០០០ ទំនងជាកំពុង​ពួនសំងំ​ នៅកណ្តាលបេះដូង​នៃកាឡាក់ស៊ី​របស់យើង​ពិតមែន៕