(ប៉េកាំង)៖ ក្រោយព្រមាន​ជាបន្តបន្ទាប់ នៅទីបំផុត​រដ្ឋាភិបាលចិន​បានសម្រេចចិត្ត​តម្លើងពន្ធ ២៥ភាគរយ លើការនាំចូល​ផលិតផល​អាមេរិក​ចំនួន ១២៨មុខ ក្នុងនោះរួមមាន​សាច់ជ្រូក និងស្រា (wine) ដើម្បីឆ្លើយតប​ទៅនឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​ប្រកាសតម្លើង​ពន្ធ លើការនាំចូល​អាលុយមីញ៉ូម និងដែក កាលពីដើម​ខែមីនា។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​តម្លើង​ពន្ធនេះ ត្រូវបានគេ​រំពឹងថា អាចនឹងធ្វើឱ្យ​សហរដ្ឋអាមេរិក​ ខាតបង់ជាង ០៣ពាន់​លានដុល្លារ។ ចំណែកឯ ទីក្រុងប៉េកាំង​បាននិយាយថា វាគឺជាការពារ​ផលប្រយោជន៍​ចិន និងតុល្យភាព បង្កឡើងដោយ​ការតម្លើងពន្ធថ្មី​របស់លោក ដូណាល់ ត្រាំ។ ចិនធ្លាប់បាន​ព្រមានរួច​ហើយថា ខ្លួនមិនចង់ធ្វើសង្រ្គាម​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែថា​ខ្លួននឹងមិនអង្គុយ​ស្ងៀមឡើយ បើសិនជា​សេដ្ឋកិច្ចរបស់​ខ្លួនរងផល​ប៉ះពាល់។ យ៉ាងណា​ក៏ដោយ លោក ត្រាំ នៅតែអះអាង​ថា សង្រ្គាមពាណិជ្ជកម្ម​គឺជារឿងល្អ ហើយសហរដ្ឋ​អាមេរិក​អាចឈ្នះ​យ៉ាងងាយ​ស្រួល។

គួរបញ្ជាក់ថា បើ​ទោះជាសម្រេចចិត្ត​តម្លើពន្ធ​ក៏ដោយ ចិននៅតែអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក​លុបចោល​ ការសម្រេចចិត្ត​តម្លើងពន្ធ​លើដែក និង​អាលុយមីញ៉ូម សំដៅធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ត្រឡប់​ទៅរកភាពប្រក្រតី​វិញ៕