(ប៉េកាំង)៖ បន្ទប់ស្ថានីយ​អវកាសចិន Tiangong-1 ដែលបានខូចលែង​ដំណើរការ​តាំងតែ​ពី​ឆ្នាំ២០១៦ នោះ ត្រូវបានក្រុមអ្នក​វិទ្យាសាស្ត្រចិន​អះអាងថា បានធ្លាក់ចូល​បរិយាកាសផែនដី និងឆេះខ្ទេចខ្ទី​នៅលើផ្ទៃអាកាស​អស់ហើយ ស្ថិតនៅតំបន់​មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។

បន្ទប់ពិសោធន៍ខាងលើនេះ គឺមានទម្ងន់មិនដល់ ១០តោននោះឡើយ ហើយបំណែក​របស់វាភាគច្រើន ត្រូវបានមជ្ឃមណ្ឌលគ្រប់គ្រង​អវកាសចិន ស្ថិតនៅ​ទីក្រុងប៉េកាំងបានអះអាងថា បានឆាបឆេះជាកម្ទេចកម្ទីនៅទីអវកាស និងសេស​សល់តែបន្តិចបន្តួចប៉ុណ្ណោះ ដែលធ្លាក់ចូល​ទៅក្នុងទឹកសមុទ្រ។

Tiangong-1 គឺជាមន្ទីរពិសោធន៍​អវកាស​ដំបូងបំផុត​របស់ចិន ដែលត្រូវបានបាញ់​បង្ហោះកាលពី​ឆ្នាំ២០១១ និងធ្លាប់បាន​ទទួល​អវកាសយានិក ​០២នាក់ នៅទីនោះកាលពី​ឆ្នាំ២០១២ និងឆ្នាំ២០១៣ ស្ថិតនៅក្នុងគំរោងកសាង ស្ថានីយអវកាស​ផ្ទាល់ខ្លួន​របស់ចិន ដែលនឹង​ត្រូវសម្រេច​​ជោគជ័យ នៅឆ្នាំ២០២២។ វាបានបន្តដំណើរការ​ជាធម្មតា រហូតដល់​ឆ្នាំ២០១៦ ជាពេលដែល​ការទាក់ទង ជាមួយ​មន្ទីរពិសោធន៍អវកាស ​បានបាត់បង់ទៅ។

គួររំលឹកថា Tiangong-1 ដែលមាន​ទំហំប្រហាក់ប្រហែល​នឹងរថយន្តក្រុងមួយ​គ្រឿងនេះ មានទំហំតូច​ជាងឆ្ងាយបើធៀប​នឹង ស្ថានីយអវកាស Skylab របស់ ​អង្គការ NASA ដែលបានធ្លាក់​ទៅចំតំបន់​ដាច់ស្រយ៉ាល​ នៃប្រទេសអូស្រ្តាលី​កាលពី​ឆ្នាំ១៩៧៩។ មន្ទីរពិសោធន៍​អវកាសចិន​មួយនេះ មាន​ទម្ងន់​ត្រឹម ៩.៤តោនប៉ុណ្ណោះ ខណៈ Skylab មានទម្ងន់ដល់ទៅ ១០០តោន៕