(ព្យុងយ៉ាង)៖ ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក IOC លោក Thomas Bach បានថ្លែង​អះអាងបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើង​នឹងបញ្ជូនអត្តពលិក ដើម្បីចូលរួមការប្រកួត​កីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និងឆ្នាំ២០២២ នៅចិន បន្ទាប់ពីរូបលោក​ទើបបានសន្យា ក្នុងការ​ជួយជ្រោមជ្រែង អត្តពលិក​របស់​រដ្ឋកុម្មុយនិស្ត​មួយនេះ ឲ្យមកចូលរួមការប្រកួតកីឡាអន្តរជាតិដ៏សំខាន់ ខណៈពេល​ដែលភាពវិជ្ជមាន​មួយចំនួន បានលេច​ឡើងរួចទៅហើយ នៅឧបទ្វីប​កូរ៉េនោះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

ការថ្លែងអះអាងបែបនេះត្រូវបានធ្វើឡើង ស្របពេលប្រមុខ IOC លោក Thomas Bach ជួបពិភាក្សាជា​មួយប្រធានាធិបតី គីម ជុងអ៊ុន រយៈពេល ០៣ថ្ងៃ នៅកូរ៉េខាងជើង។
បុរសជនជាតិអាល្លឺម៉ង់បានថ្លែងប្រាប់សារព័ត៌មានចិន ស៊ិនហួរ ក្រោយកិច្ចពិភាក្សា​ជាមួយ លោក គីម ជុងអ៊ុន ថា យើងបានឯកភាព​គ្នា ចំពោះវត្តមានអត្តពលិក​កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអូឡាំពិក​រដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។

បន្ថែមលើនេះ ក្នុងនាម IOC ក៏សូមអំពាវនាវដល់​ប្រទេសដទៃ​ ទទួលយកកីឡាករ និងកីឡាការិនីយុវជនកូរ៉េខាងជើង ក្នុងហ្វឹកហាត់ជាមួយផង​ បន្ថែមលើជំរុំហ្វឹកហាត់​ទៀតនោះ។

សូមរំលឹកថា កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនអត្តពលិកជាច្រើនទៅចូលរួមដែរ អមដោយប្រតិភូ និងមន្រ្តីកីឡា និងកីឡាករ កីឡាការិនី ដើរដង្ហែក្បួនក្នុងពិធីរួមគ្នាផងដែរ៕