(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល​នាថ្ងៃសៅរ៍នេះ បានបន្តព្រមាន​ធ្វើប្រតិបត្តិការ​យោធា ឲ្យកាន់តែចាស់ដៃ​ថែមទៀត ប្រឆាំងលើក្រុម​ហា​ម៉ាស់-ប៉ាឡេស្ទីន ប្រសិនបើ​ការធ្វើបាតុកម្ម និងអំពើហិង្សា​នៅឯព្រំដែន​ជាមួយតំបន់ Gaza នៅតែ​បន្តនោះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើង​ដោយអ្នកនាំពាក្យយោធា​អ៊ីស្រាអែល លោក រ៉ូណិន មែណែលីស (Ronen Manelis) នៅចំពោះមុខក្រុម​អ្នកសារព័ត៌មាន ពោលគឺបន្ទាប់​ពីការប្រឆាំងតវ៉ា​របស់ក្រុមប៉ាឡេស្ទីន បានប្រែក្លាយ​ទៅជាបាតកម្មហិង្សា នៅព្រំដែនភាគខាងត្បូង​របស់ប្រទេស​អ៊ីស្រាអែល​។

បាតុកម្មទ្រង់ទ្រាយធំ​ដ៏កក្រើក​ ដែលមានការ​ចូលរួមពីប្រជាជន​ប៉ាឡេស្ទីនរាប់ម៉ឺននាក់​នេះ បានផ្ទុះឡើងតាំងពី​ថ្ងៃសុក្ររហូតមកទល់​ថ្ងៃ​សៅរ៍នេះ មិនទាន់ចប់​ទៅវិញនោះឡើយ ទោះបីជាមាន​ការស្នើយ៉ាងទទូច​ ពីអង្គការ​សហប្រជាជាតិ​ក៏ដោយ។

គួរជម្រាបថា ជនជាតិប៉ាឡេស្ទីន​យ៉ាងតិច ១៥នាក់ ត្រូវគេរាយការណ៍​ថា បានបាត់បង់ជីវិត​ដោយការបង្រ្កាប​របស់អ៊ីស្រាអែល ខណៈយោធា​​អ៊ីស្រាអែល បានអះអាងថា ពួកគេទាំងនោះ​សុទ្ធជាបុរស និងភាគច្រើនជាជន​សកម្មប្រយុទ្ធ។ ជាមួយគ្នានេះ បើតាមការរាយការណ៍​​ពី​ ក្រសួងសុខាភិបាល​រដ្ឋប៉ាឡេស្ទីន មនុស្សសរុបប្រមាណ ១,៤០០នាក់ បានរងរបួស ដោយសារ​ការបាញ់ប្រហារ​គ្រាប់ពិត គ្រាប់ជ័រ និង​ឧស្ម័ន​​បង្ហូរទឹកភ្នែក៕