(តូក្យូ)៖ ក្រុមកប៉ាល់​នេសាទត្រី បាឡែន​របស់ប្រទេសជប៉ុន បានវិលត្រឡប់​មកដល់កំពង់ផែ​វិញហើយ នាថ្ងៃសៅរ៍នេះ ក្រោយពីចាប់ និងសម្លាប់ពូជសត្វ​សមុទ្រនេះ​ អស់ប្រមាណជាង ៣០០ក្បាលមក នៅឯ​មហាសមុទ្រ​អង់តាកទិក ដោយពុំចាំបាច់​ត្រូវប្រឈមមុខ​ ជាមួយការប្រឆាំង​តវ៉ាក្នុងទម្រង់​ណាមួយ ពីក្រុមអ្នកអភិរក្ស​សត្វត្រីបាឡែន​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។ 

ក្រុមកប៉ាល់នេសាទត្រីបាឡែន​ចំនួន ០៥គ្រឿង បានចេញដំណើរ​ឆ្ពោះទៅកាន់​មហាសមុទ្រទឹកកក​ នៅភាគខាងត្បូងនោះ កាលពីខែវិច្ឆិកា​ឆ្នាំទៅមិញ ខណៈដែលទីក្រុងតូក្យូ​នៅតែបន្តនូវអ្វី​ ដែលខ្លួនបានលើកស្លាក​អះអាងថា ជាការសិក្សាស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត ដោយមិនខ្វល់​ពីការិះគន់ ពិសំណាក់អន្តរជាតិនោះ​ឡើយ។

នៅអំឡុងនៃការនេសាទ​សម្រាប់រយៈពេល​ជាច្រើនខែ​កន្លងទៅនេះ ក្រុមកប៉ាល់ជប៉ុន​ប្រមាញ់បានសត្វ​ត្រីបាឡែនចំនួន ៣៣៣ក្បាល ដូចអ្វីដែលពួក​បានគ្រោងទុក ដោយពុំមាន​ការរារាំង ពីសំណាក់ក្រុមការពារសត្វ​សមុទ្រនេះ​ឡើយ។

គួរជម្រាបថា ជប៉ុនក៏ជាប្រទេស​ហត្ថលេខី នៃគណៈកម្មការហាមឃាត់​ការប្រមាញ់ត្រីបាឡែន​អន្តរជាតិផងដែរ ប៉ុន្តែទីក្រុងតូក្យូ​បានប្រើប្រាស់​ចំណុចចន្លោះ​ប្រហោងមួយ ដែលអនុញ្ញាត​ឲ្យត្រីបាឡែន​អាចត្រូវសម្លាប់ ដើម្បីការសិក្សាស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត​បាន។

ទីក្រុងតូក្យូបានលើក​ហេតុផលថា ការសម្លាប់ពួកវាគឺ​ជារឿងចាំបាច់ សម្រាប់ការយល់​ដឹងឲ្យកាន់តែស៊ីជម្រៅ ទៅលើអាកប្បកិរិយា និងទម្រង់ជីវវិទ្យា​របស់សត្វត្រីបាឡែន ប៉ុន្តែបើតាម​ធាតុពិតឥតលាក់បាំងនោះ ពួកត្រីបាឡែន​ដែលត្រូវបានសម្លាប់ក្នុងការនេសាទទាំងនោះ តែងតែទៅនៅ​លើចានម្ហូបទៅវិញ៕