(អាមេរិក)៖ បើតាម​សេចក្តីរាយការណ៍ព័ត៌មាន​ក្នុងស្រុកអាមេរិក គណៈកម្មាធិការ​ទណ្ឌកម្ម​ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានសម្រេច​ដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនដឹក​ជញ្ជូនតាម​កប៉ាល់ចំនួន ២១ របស់កូរ៉េខាងជើង រួមានមានក​ប៉ាល់សរុប ២៧គ្រឿង និងបុគ្គលម្នាក់ ជុំវិញការលួចជួញ​ដូរប្រេង និងធ្យូងថ្ម។ នេះបើតាម​ការចេញ​ផ្សាយ​ពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។ 

សហរដ្ឋអាមេរិក បានសាទរ​ចំពោះការសម្រេច​ខាងលើ របស់ក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ ក្នុងការដាក់​ចេញនូវទណ្ឌកម្ម​ថ្មីនេះ ទៅលើ​កូរ៉េខាងជើង ដែលស្របទៅនឹង​កញ្ចប់ទណ្ឌកម្ម​នាពេលថ្មីៗនេះ របស់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន។
ជាមួយ​គ្នានេះ អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley បានថ្លែងអំណរគុណ​ដល់ក្រុមប្រឹក្សា​សន្តិសុខ ដែលបានបន្តមិនបោះបង់ចោល​យុទ្ធនាការដាក់ទណ្ឌកម្មជា​អតិបរិមាប្រឆាំងនឹង​កូរ៉េខាងជើង។
គួរជម្រាបថា ក្នុងផ្នែកនៃ​យុទ្ធនាការដាក់សម្ពាធ​អតិបរមា​របស់​អន្តរជាតិ ក្រុមប្រឹក្សា​សន្តិសុខ​ បានដាក់ទណ្ឌកម្មជាច្រើនតង់​ ប្រឆាំងនឹងទីក្រុង​ព្យុងយ៉ាង ជុំវិញកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីលរបស់​រដ្ឋកុម្មុយនិស្តមួយនេះ ហើយ​សហរដ្ឋអាមេរិក​វិញ ក៏បានអំពាវនាវ​ឲ្យបណ្តា​ប្រទេសនានា កាត់ផ្តាច់ទំនាក់ទំនង​ជាមួយពាណិជ្ជកម្ម និ​ងយោធាជាមួយ​កូរ៉េខាងជើង​ផងដែរ៕