(អាមេរិក)៖ ព្រឹត្តិការណ៍​ព្រះច័ន្ទពេញវង់​ នឹងបង្ហាញខ្លួនជាលើកទីពីរ​សម្រាប់ខែមីនា នៅយប់ថ្ងៃសៅរ៍​សប្តាហ៍នេះ ហើយនៅពេល​ដែល​ព្រះ​ច័ន្ទពេញវង់​ដល់ទៅពីរលើក កើតមានឡើង​នៅក្នុងខែតែមួយ ដែលតែង​កើតមានក្នុងចន្លោះ​ពេល ២.៦៦ឆ្នាំម្តងនោះ លោកខែពេញវង់​ទីពីរ​​ នឹងត្រូវគេហៅថា ជាព្រះច័ន្ទពណ៌ខៀវ ឬ Blue Moon (គ្រាន់តែជាពាក្យ​សម្រាប់ហៅ ប៉ុន្តែវាពុំលេចចេញ​ពណ៌ខៀវតែម្តង​ឡើយ)។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញពី វែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

ផ្ទុយពីទំលាប់​ខាងលើ នេះគឺជាព្រះច័ន្ទខៀវ​លើកទីពីរហើយ គិតចាប់តាំងតែពី​ដើមឆ្នាំ២០១៨ នេះមក ដោយវាគឺជា​លើកទីពីរ ក្នុងរយៈ​ពេល​ត្រឹមតែ ០៣ខែប៉ុណ្ណោះ ចំពោះព្រឹត្តិការណ៍ព្រះច័ន្ទពេញ​វង់ពីរលើកៗ បានកើតមាន​ឡើងក្នុងខែ​តែមួយបែបនេះ។ ប្រហែលជា​មានអ្នកខ្លះឆ្ងល់ថា​ ​តើមកពី​ហេតុអ្វី?

រយៈពេលសម្រាប់​ឲ្យព្រះច័ន្ទ ឆ្លងពីបាតុភូតពេញវង់មួយ​ទៅកាន់បាតុភូតពេញ​វង់បន្ទាប់ គឺជាមធ្យម​មានរយៈពេល ២៩.៥៣ថ្ងៃ ដែលត្រូវគេ​ហៅថាខែ Synodic ឬច័ន្ទគតិ។ ខែកុម្ភៈ​គឺជាខែតែមួយគត់​ ដែលមានចំនួន​ថ្ងៃតិចជាង​ខែ Synodic ហើយក្នុងឆ្នាំនេះ វាពុំមានព្រឹត្តិការណ៍លោកខែពេញវង់នោះ​ឡើយ ដូច្នេះថា ដើម្បីបង្រ្គប់វិញ ខែមីនាក៏ត្រូវក្លាយជាអ្នករ៉ាប់រងជំនួស ដោយមានព្រះច័ន្ទពេញវង់ជាលើកទីពីរ នៅក្នុងចុងខែបែបនេះ។

គួរជម្រាបថា ខែមករាកន្លងទៅ ក៏មានព្រះច័ន្ទពេញវង់ដល់ទៅ ០២លើកផងដែរ ដែលប្រការនេះ​បានផ្តល់ឲ្យពួកយើង​ នូវបាតុភូតព្រះច័ន្ទ​​ខៀវ​ចំនួន​ ០២ ក្នុងពេលត្រឹម ៦០ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែព្រះច័ន្ទខៀវ​នាយប់​ថ្ងៃសៅរ៍នេះ គឺជា Blue Moon ចុងក្រោយ​ហើយ រហូតទាល់តែដល់​ឆ្នាំ​២០២០ ទើបកើត​មានជាថ្មីម្តង​ទៀត៕