(ព្យុងយ៉ាង)៖ ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក IOC លោក Thomas Bach បានថ្លែងអះអាងថា រូបលោកសូមសន្យាក្នុងការជួយជ្រោមជ្រែងអត្តពលិករបស់កូរ៉េខាងជើងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និងអូឡាំពិកឆ្នាំ២០២២ នៅចិន។

ការថ្លែងអះអាងបែបនេះត្រូវបានធ្វើឡើង ស្របពេលប្រមុខ IOC លោក Thomas Bach ជួបពិភាក្សាជាមួយប្រធានាធិបតី គីម ជុងអ៊ុន រយៈពេល៣ថ្ងៃនៅកូរ៉េខាងជើង។

បុរសជនជាតិអាល្លឺម៉ង់បានថ្លែងប្រាប់សារព័ត៌មានចិន ស៊ិនហួរ ក្រោយកិច្ចពិភាក្សាជាមួយលោក ជុងអ៊ុន ថា យើងបានឯកភាពគ្នាចំពោះវត្តមានអត្តពលិកកូរ៉េខាងត្បូងក្នុងអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។

បន្ថែមលើនេះ ក្នុងនាម IOC ក៏សូមអំពាវនាវដល់ប្រទេសដទៃទទួលយកកីឡាករ និងកីឡាការិនីយុវជនកូរ៉េខាងជើងក្នុងហ្វឹកហាត់ជាមួយផងបន្ថែមលើជំរុំហ្វឹកហាត់ទៀតនោះ។

សូមរំលឹកថា កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនអត្តពលិកជាច្រើនទៅចូលរួមដែរ អមដោយប្រតិភូ និងមន្រ្តីកីឡា និងកីឡាករ កីឡាការិនី ដើរដង្ហែក្បួនក្នុងពិធីរួមគ្នាផងដែរ៕