(ប្រីសទីណា)៖ ជនជាតិតួកគី ០៦នាក់ ត្រូវបានចាប់ជម្រិតនៅក្នុងទីក្រុងប្រីសទីនា (Pristina) នៃប្រទេសកូសូវ៉ូ លើការ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ជាមួយ​និង ចលនាហ្គូលែន ដែល​រដ្ឋា​ភិ​បាល​តួក​គី​ចោទ​ប្រកាន់​ថា​ នៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋ​ប្រហារ​ដែល​បរាជ័យ​កាល​ពី​ឆ្នាំ២០១៦។ នេះបើដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីរបស់កូសូវ៉ូលោក Ramush Haradinaj បាននិយាយថាលោកមិនដឹងអំពីប្រតិបត្តិការ នៃបញ្ជូនជនទាំង ០៦នាក់ទៅកាន់​ស្រុក​កំណើតវិញ​នោះ​ឡើយ។ លោកបាននិយាយទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយក្រុមភ្នាក់ងារសម្ងាត់និងប៉ូលីស។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កូសូវ៉ូ​បាន​ដាក់​ឈ្មោះ​ប្រតិបត្តិ​ការ​នេះ​ថា​ជា «ការចាប់ជំរិត» ។

ពួកគេទាំង០៦នាក់ខាងលើគឺស្នាក់នៅទីនោះដោយស្របច្បាប់ ប៉ុន្តែពួកគេត្រូវបានចាប់ជំរិតដោយខុសច្បាប់។ យោង​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​កូ​សូ​វ៉ូ ក្រសួងអាចដកហូតលិខិតអនុញ្ញាតឱ្យស្នាក់នៅបានក្នុងលក្ខខណ្ឌនៃការគំរាមកំហែងសន្ដិសុខឬសាធារណៈ ឬ​ក៏ការ​គំរាម​កំហែង​សិទ្ធិមនុស្ស។ ស្ថានទូតតួកគីនៅកូសូវ៉ូ បានឃុំឃាំងពួកគេដោយខុសច្បាប់តាមការបញ្ជារបស់រដ្ឋាភិបាលតួកគី។

ការចាប់ជំរិតនេះ ធ្វើអោយមានការប្រត្តិកម្មជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស អាជ្ញាធរអឺរ៉ុប និងអង្គការ​អន្តរជាតិ​ ដែលធ្វើឱ្យ​និស្សិត​រាប់​សិប​នាក់​ ធ្វើ​បាតុ​កម្ម​នៅ​ទីប្រជុំ​ជន​ប្រីសទីនា ដើម្បីអំពាវនាវឱ្យដោះលែងអ្នកទាំង០៦នាក់នោះវិញ។

រដ្ឋាភិបាលតួកគី ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Erdogan បានប្រើប្រាស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់សន្តិសុខរបស់ខ្លួន និង​ស្ថាន​ទូត​ដែល​នៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​ការ​ចាប់​ពង្រត់ និងចាប់ខ្លួនអ្នកដែលប្រឆាំងនឹងលោកនៅដែនសមត្ថកិច្ចបរទេស ទោះ​បី​ជា​ការ​ចាប់​ពង្រត់​ទាំង​នេះ​ អាច​ចាត់​ទុក​ថា​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ក៏​ដោយ។

សកម្មភាពនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសដទៃទៀតដូចជាប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្សកហ្ស៊ី អារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន និងស៊ូដង់ អាចដើរផ្ទុយទៅនឹងគោលការណ៍ច្បាប់ដូចជាការមិនជ្រៀតជ្រែក ព្រមទាំងការចាប់ខ្លួននិង​ឃុំ​ឃាំង​ដោយ​រំលោភ​បំពាន​លើ​ច្បាប់​តួកគី និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។

ទោះបីជាការរំលោភសិទិ្ធមនុស្សបានប្រព្រឹត្តទៅនៅបរទេសក៏ដោយ ក៏ប្រទេសតួកគី​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ចំពោះ​ជន​ជាតិ​តួក​គី ដែលត្រូវបានហាមឃាត់ដោយមាត្រា០៣ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR) ។

គួរជម្រាបថា ជនដែលត្រូវបានចាប់ពង្រត់ត្រូវទទួលរងនូវ ការដកហូតសិទ្ធិសេរីភាពរបស់ខ្លួន​ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​តួក​គី​ហើយ​បាន​ឆ្លង​កាត់​ការ​ធ្វើទារុណកម្ម ដ៏ឃោរឃៅ និងអមនុស្សធម៌ផ្សេងៗទៀត។ ការ​អនុ​វត្ត​នេះ​ក៏​អាច​បង្កើន​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្ម​ភាព​ភេរវកម្ម​ប្រឆាំង​នឹង​សហ​គមន៍​អន្តរ​ជាតិ​ផង​ដែរ​៕