(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងដកទ័ពចេញ​ពីប្រទេសស៊ីរី​ នាពេលឆាប់​ៗ​​ខាងមុខនេះ​ហើយ។ នេះបើតាម​សេចក្តីថ្លែងការណ៍​មួយ ដែលផ្តល់ឲ្យដោយ​សេតវិមាន​របស់លោក និងត្រូវបានដកស្រង់ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

ក្នុងអំឡុងនៃការ​ធ្វើសុន្ទរកថា​មួយ នៅឯទីក្រុង រីចហ្វៀល (Richfield) នៃរដ្ឋ អូហៃយ៉ូ (Ohio) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងចាក​ចេញពី​ស៊ីរី​នាពេលឆាប់ៗ​នេះហើយ... ទុកឲ្យអ្នកដទៃ​ទៀត​ ចាត់ចែងរឿងនេះ​វិញទៅចុះ។ យើងនឹងវិលត្រឡប់​មកប្រទេស​យើងវិញ ដែលជាផ្ទះរបស់​​​យើង និងជាទីដែល​ពួកយើង​ចង់នៅ​»

យ៉ាងណាមិញ សេចក្តីថ្លែង​ការណ៍នេះ បានញ៉ាំងជា​សំណួរឡើង ខណៈដែលមន្រ្តី​យោធាអាមេរិក ទំនងជាពុំបានទ​ទួលដំណឹង ​អំពីការ​សម្រេចចិត្តនេះ​ឡើយ ពីព្រោះថាអ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក ទើបតែបានប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ថា កិច្ចការសំខាន់ៗ​ជា​ច្រើន នៅតែមិនទាន់​សម្រេចបាន ដើម្បីធានា​នូវការបរាជ័យ​ជារៀងរហូត នៃក្រុមភេរវករ​ជ្រុលនិយម​នៅស៊ីរី៕