(យូអិន)៖ តំណាងរដ្ឋ​​អង្កេតការណ៍​ប៉ាឡេស្ទីន លោក រីយ៉ាដ ម៉ាន់សួរ (Riyad Mansour) ប្រចាំនៅ​អង្គការ​សហប្រជាជាតិ (UN) បានដង្ហោយ​សុំឲ្យ​ប្រឹក្សាសន្តិសុខ (UNSC) ចាត់​វិធានការ​បញ្ឈប់អំពើហិង្សា​ ប្រឆាំងជនជាតិ​ប៉ាឡេស្ទីន នៅតំបន់​ហ្កាសាស្ទ្រីព (Gaza) ដែលបាន​សម្លាប់ជនជាតិ​ប៉ាឡេស្ទីន​ យ៉ាងហោច​ណាស់ ១៥នាក់ (តួលេខថ្មី) និងជាង ១,៤០០នាក់​ ទៀតរងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

តំណាងរដ្ឋ​ប៉ាឡេស្ទីន លោក ម៉ាន់សួរ បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាននានា នៅឯទីស្នាក់ការ UN នាបុរីញូយ៉ក សហរដ្ឋអាមេរិកថា «យើងរំពឹងថា UNSC នឹងបំពេញទៅ​តាមទំនួលខុសត្រូវ​ដែលខ្លួនមាន ពីព្រោះថាស្ថានភាព... នៅក្នុងតំបន់​ហ្កាសា គឺកំពុងតែ​គំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខ និងសន្តិភាព​​សកលលោក​ទាំងមូល។ វាគឺជា​ទំនួលខុស​ត្រូវរបស់ UNSC ក្នុងការថ្កោលទោស ចំពោះទង្វើឃោឃៅ​ ​ដែល​ធ្វើប្រឆាំងនឹងប្រជាជន​របស់យើង ព្រមទាំងស្វែងរក​អ្នកដែលប្រព្រឹត្ត​ទង្វើទាំងនេះ ដើម្បីយកទៅ​ដោះស្រាយ​ចំពោះមុខ​ច្បាប់»។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោង​មុនសេចក្តី​ថ្លែងការណ៍​ របស់​តំណាង​ប៉ាឡេស្ទីន​​ខាងលើនេះ ឯកអគ្គរាជ​ទូត​​​គុយវ៉េត ប្រចាំនៅ​អង្គការ​​​សហប្រជាជាតិ បានធ្វើការទាមទារ​តែ​ម្តង ឲ្យក្រុមប្រឹក្សា​សន្តិសុខ (UNSC) នៃអង្គការធំបំផុត​របស់ពិភពលោក​​មួយនេះ បញ្ចេញ​ចំណាត់ការ​ភ្លាមៗ។ ដូច្នេះកិច្ច​ប្រជុំកំពូលមួយ ត្រូវបានសម្រេចថា នឹងត្រូវធ្វើនៅ​ក្នុងក្រុមប្រឹក្សា​សន្តិសុខ អង្គការ​​សហប្រជាជាតិ នាល្ងាច​ថ្ងៃសុក្រ ម៉ោងប្រមាណ​ជា ៦៖៣០នាទី​ (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សា​​ពី​ដំណោះស្រាយ​បន្ទាន់ ដើម្បីបន្ថយភាព​តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕