(ម៉ូស្គូ)៖ ក្រសួងការ​បរទេសរុស្ស៊ីបានសម្រេច​បណ្តេញមន្រ្តីទូត​ នៃប្រទេស​សរុបទាំងអស់​ចំនួន ២៣ ដែលកំពុង​បំពេញ​បេសកកម្ម​​នៅ​ប្រទេសនេះ ត្រឡប់ទៅស្រុកពួកគេវិញ ដើម្បីជាការសងសឹក​ចំពោះចលនា​ប្រឆាំងរបស់​ប្រទេសទាំងនោះ មកលើទីក្រុង​ម៉ូស្គូនាពេលថ្មីៗ​នេះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

អគ្គរដ្ឋទូត​នៃប្រទេសចំនួន ២៣ខាងលើ ត្រូវបាន​ក្រសួងការបរទេស​រុស្ស៊ី ប្រគល់លិខិត​ជំទាស់ និងប្រាប់ថា មន្រ្តីទូតរបស់​ពួកគេមួយចំនួន ដែល​កំពុងបំពេញ​ការងារនៅក្នុង​ប្រទេសរុស្ស៊ី ត្រូវបាន​ប្រកាសជាបុគ្គល​ ដែលលែងទទួល​បានការស្វាគមន៍នៅទីនេះ​ទៀតហើយ ដែលទង្វើនេះ​ គឺជា​ការ​ឆ្លើយតប​ចំពោះសកម្មភាព​មិនសមហេតុ​សមផល​របស់ពួកគេ ដែលបាន​សម្រេចបណ្តេញ​មន្រ្តី​ទូតរុស្ស៊ី ដោយឈរ​លើចោទប្រកាន់​​ដែល​ពុំមានភស្តុតាង​ច្បាស់មកលើ​រុស្ស៊ី ទាក់ទិននឹង​ករណីបំពុល​ប៉ងសម្លាប់អតីតមន្រ្តី​ចារកិច្ចរុស្ស៊ី នៅលើទឹកដី​ចក្រភព​អង់គ្លេស។

គួរជម្រាបថា បើតាមសេចក្តី​ថ្លែងការណ៍របស់ក្រសួង​ការបរទេសរុស្ស៊ី បណ្តាប្រទេស​ដែលពាក់ព័ន្ធនឹងការសម្រេច​ចិត្តរបស់រុស្ស៊ី រួមមាន​​​អូស្រ្តាលី, អាល់បានី, អាល្លឺម៉ង់, ដាណឺម៉ាក, អៀឡង់, អេស៉្បាញ, អ៊ីតាលី, កាណាដា, ឡាត់វី (Latvia), លីទុយអានី (Lithuania), (ម៉ាសេដូ​នៀ) Macedonia, ម៉ុលដាវី (Moldova), ហូឡង់, ន័រវេស, ប៉ូឡូញ, រ៉ូម៉ានី, អ៊ុយក្រែន, ហ្វាំងឡង់, បារាំង, ក្រូអាត, សាធារណរដ្ឋឆែក, ស៊ុយ​អែត, និងអេស្តូនា។

ក្រៅពីនេះ មន្រ្តីទូតប្រទេសប៊ែលហ្សិក, ហុងហ្គារី, ហ្សកហ្ស៊ី, និងម៉ុងទេណេហ្គ្រោ ក៏អាចនឹងត្រូវ​បណ្តេញចេញ ពី​ប្រទេសរុស្ស៊ី​ថែមទៀត​ផង​ដែរ។ ម៉្យាងវិញទៀត អគ្គរដ្ឋទូតអង់គ្លេស​ប្រចាំនៅ​ទីក្រុងម៉ូស្គូ ក៏ត្រូវបានក្រសួង​ការបរទេសរុស្ស៊ី​កោះហៅ ដើម្បីប្រាប់ថា អង់គ្លេស​ត្រូវកាត់​បន្ថយ​ចំនួនមន្រ្តីទូត​​របស់ខ្លួន ដែលកំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេសរុស្ស៊ី ឲ្យនៅត្រឹម​ចំនួនមន្រ្តីទូតរុស្ស៊ី​នៅចក្រភពអង់គ្លេស ក្នុងរយៈ​ពេល ០១ខែ ផងដែរ។

សេចក្តីថ្លែងការណ៍​ទាំងនេះ​ទៀតសោត ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រុស្ស៊ី បានប្រកាសពី​ការបណ្តេញមន្រ្តី​ទូត​រុស្ស៊ី​ចំនួន​ ៦០នាក់ និងបិទស្ថានកុ​ងស៊ុល​អាមេរិក នៅ​ទីក្រុង Saint Peterburg ដើម្បីសងសឹក​ចំពោះចំណាត់ការ​ដូចគ្នា​របស់ទីក្រុង​វ៉ាស៊ីនតោន ប្រឆាំង​នឹង​ទីក្រុងម៉ូស្គូ៕