(យូអិន)៖ ឯកអគ្គរាជ​ទូត​​គុយវ៉េត ប្រចាំនៅ​អង្គការ​​សហប្រជាជាតិ បានធ្វើការទាមទារ​តែ​ម្តង ឲ្យក្រុមប្រឹក្សា​សន្តិសុខ (UNSC) នៃអង្គការធំបំផុត​របស់ពិភពលោក​​មួយនេះ បញ្ចេញ​ចំណាត់ការ​ភ្លាមៗ ដើម្បីដោះស្រាយ​ជម្លោះ ដែលកំពុងតែក្តៅ​គគុក​រវាង​​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅតាមព្រំដែន​តំបន់​ ហ្កាសាស្ទ្រីព ដែលរហូត​មកទល់នឹង​ព្រឹក​ថ្ងៃសៅរ៍នេះ បានបណ្តាល​ឲ្យជនជាតិ​ប៉ាឡេស្ទីន ១៦នាក់ស្លាប់ និងជាង ១,៤០០នាក់​រងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

អគ្គរាជទូត​​គុយវ៉េត លោក ម៉ាន់សួរ អាល់ អូតៃប៊ី (Mansour Al-Otaibi) បានលើក​ឡើង​នៅឯទីស្នាក់ការ​កណ្តាល UN ក្នុង​បុរីញូយ៉ក សហរដ្ឋអាមេរិក​ថា «យើងសូមធ្វើ​ការ​អំពាវនាវ​​យ៉ាង​ទទូច ឲ្យ UNSC បញ្ចេញ​​សកម្មភាព​របស់ខ្លួន។ ក្រុម​ប្រឹក្សា​នេះ គួរតែថ្កោលទោស​​ចំពោះ​អំពើ​ហិង្សា​ទាំងនោះ ហើយបញ្ឈប់វា​តែម្តង​ទៅ»។ គុយវ៉េត​បានសង្កត់ធ្ងន់ថា ក្រុមអ្នក​តវ៉ាប៉ាឡេស្ទីន គ្មានអាវុធជាតិ​ផ្ទុះ​នៅក្នុងដៃនោះទេ ដូច្នេះការសម្លាប់​រង្គាល​នៅហ្កាសា កាលពី​ថ្ងៃសុក្រនោះ គឺជាស្ថានភាព​ដ៏គ្រោះថ្នាក់បំផុត​មួយ។

កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ មានតវ៉ាដ៏ធំមួយ​រៀបចំឡើង​ដោយជនជាតិ​ប៉ាឡេស្ទីន​រាប់ពាន់នាក់ ប្រឆាំងទៅ​នឹងអ៊ីស្រាអែល នៅតាមតំបន់​ព្រំដែន ដែលចំថ្ងៃសុក្រ គឺជាថ្ងៃបួងសួង​ប្រចាំសប្តាហ៍ របស់សាសនិក​អ៊ីស្លាម ហើយជនជាតិ​ប៉ាឡេស្ទីន​ទាំងនោះ បានធ្វើការ​ចោលដុំថ្ម និងវាយប្រហារ​ទៅលើកងទ័ព​អ៊ីស្រាអែល ដែលឈរយាម​​នៅតាម​រនាំងខណ្ឌចែកតំបន់ ហ្កាសា និងទឹកដីអ៊ីស្រាអែល។

ជុំវិញបញ្ហាដ៏​ក្តៅគគុកនេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការ​ណ៍មួយ​នាថ្ងៃសុក្រសប្តាហ៍នេះដែរ ដោយអំពាវនាវ​ទៅដល់គ្រប់ភាគី​ទាំងអស់ មានការអត់ធ្មត់ និងបន្ធូរបន្ថយ​ជម្លោះ នៅលើទឹកដី​ព្រំដែន​រវាង ហ្កាសា និងអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ដែលទើបតែ​សម្រេចទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានី​​អ៊ីស្រាអែល ដែលបាននិង​កំពុងបង្កកំហឹង​ឆាបឆេះ​លើជនជាតិ​ប៉ាឡេស្ទីន​នោះ ក៏បាន​បង្ហាញការ​សោកស្តាយ និងក្រៀមក្រំ​បំផុតដែរ ចំពោះមរណភាព នៃប្រជាជនប៉ាឡេស្ទីន ទាំង ១៦នាក់ នៅហ្កាសាស្ទ្រីព។

សម្រាប់កិច្ច​ប្រជុំកំពូលមួយ នឹងត្រូវធ្វើនៅ​ក្នុងក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ នាល្ងាច​ថ្ងៃសុក្រ ម៉ោងប្រមាណ​ជា ៦៖៣០នាទី​ (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សា​​ពីដំណោះស្រាយ​បន្ទាន់ ដើម្បីបន្ថយភាព​តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕