(ហ្កាសា)៖ ទីបំផុតបញ្ហាធំ​​បានផ្ទុះឡើងហើយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយកង​ទ័ពអ៊ីស្រាអែល​​បានធ្វើការវាយ​ប្រហារ តបតទៅនឹងក្រុមអ្នក​​តវ៉ាប៉ាឡែស្ទីន នៅតាម​រនាំងព្រំដែន នៃតំបន់ហ្កាសាស្ទ្រីព កាលពីថ្ងៃសុក្រ​សប្តាហ៍នេះ ដោយបាន​បណ្តាលឲ្យ​ជនជាតិ​​ប៉ាឡេស្ទីន ១៦នាក់ស្លាប់ និងជាង ១,៤០០នាក់​រងរបួស។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ មានតវ៉ាដ៏ធំមួយ​រៀបចំឡើង​ដោយជនជាតិ​ប៉ាឡេស្ទីន​រាប់ពាន់នាក់ ប្រឆាំងទៅ​នឹងអ៊ីស្រាអែល នៅតាមតំបន់​ព្រំដែន ដែលចំថ្ងៃសុក្រ គឺជាថ្ងៃបួងសួង​ប្រចាំសប្តាហ៍ របស់សាសនិក​អ៊ីស្លាម ហើយជនជាតិ​ប៉ាឡេស្ទីន​ទាំងនោះ បានធ្វើការ​ចោលដុំថ្ម និងវាយប្រហារ​ទៅលើកងទ័ព​អ៊ីស្រាអែល ដែលឈរយាម​​នៅតាម​រនាំងខណ្ឌចែកតំបន់ ហ្កាសា និងទឹកដីអ៊ីស្រាអែល។

ជុំវិញបញ្ហាដ៏​ក្តៅគគុកនេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការ​ណ៍មួយ​នាថ្ងៃសុក្រសប្តាហ៍នេះដែរ ដោយអំពាវនាវ​ទៅដល់គ្រប់ភាគី​ទាំងអស់ មានការអត់ធ្មត់ និងបន្ធូរបន្ថយ​ជម្លោះ នៅលើទឹកដី​ព្រំដែន​រវាង ហ្កាសា និងអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ដែលទើបតែ​សម្រេចទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានី​​អ៊ីស្រាអែល ដែលបាននិង​កំពុងបង្កកំហឹង​ឆាបឆេះ​លើជនជាតិ​ប៉ាឡេស្ទីន​នោះ ក៏បាន​បង្ហាញការ​សោកស្តាយ និងក្រៀមក្រំ​បំផុតដែរ ចំពោះមរណភាព នៃប្រជាជនប៉ាឡេស្ទីន ទាំង ១៦នាក់ នៅហ្កាសាស្ទ្រីព។

សម្រាប់កិច្ច​ប្រជុំកំពូលមួយ នឹងត្រូវធ្វើនៅ​ក្នុងក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ នាល្ងាច​ថ្ងៃសុក្រ ម៉ោងប្រមាណ​ជា ៦៖៣០នាទី​ (ម៉ោងនៅញូយ៉ក) ដើម្បីពិភាក្សា​​ពីដំណោះស្រាយ​បន្ទាន់ ដើម្បីបន្ថយភាព​តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕