(ដាម៉ាស់)៖ ប្រភពព័ត៌មាន​ពីកាសែតគាំទ្រ​រដ្ឋាភិបាល​ទីក្រុងដាម៉ាស បានឲ្យដឹងថា កងទ័ពស៊ីរី​កំពុងសំងំរៀបចំ​ បើកប្រតិបត្តិការ​យោធាទ្រង់​ទ្រាយ​ធំមួយ ទៅលើក្រុង​មួយដែល​ជាទីតាំងចុងក្រោយ​ របស់ក្រុមឧទ្ទាម ហ្សេស អាល់ អ៊ីស្លាម (Jaish al-Islam) នៅតំបន់​ហ្គួតា (Ghouta) ភាគខាងកើត លុះ​ត្រា​តែ​​ក្រុម​ឧទ្ទាម ព្រម​ប្រគល់​តំបន់​នោះតាមសម្រួល​មក​ឲ្យខ្លួន​វិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃ​ពុធ ទី២៨ ខែមីនា ឆ្នាំ​២០១៨។

បើតាមសារព័ត៌មាន​ស៊ីរី al-Watan កងទ័ពដែលត្រូវ​បានដាក់ពង្រាយ​នៅក្នុងតំបន់ Ghouta កំពុងរៀបចំបើក​ប្រតិបត្តិការយោធា​ដ៏ធំមួយ ​ដើម្បីសង្រ្គប់​យកក្រុង Douma ដោយ​កម្លាំងបាយ ប្រសិនបើក្រុម​សកម្មប្រយុទ្ធ al-Islam មិនព្រមប្រគល់​ទីក្រុងនេះដោយ​សន្តិវិធី ហើយ​​ចាក​ចេញ​ទេនោះ។

គួរជម្រាបថា តំបន់ Ghouta ភាគខាង​កើត ត្រូវកងទ័ពរដ្ឋាភិបាល​ស៊ីរី ដណ្តើមយកបាន​ប្រមាណជា ៩០ភាគរយ ចាប់តាំងតែពី​ការធ្វើប្រតិបត្តិការ​ប្រឆាំងនឹងពួកឧទ្ទាមជាច្រើនក្រុម​នៅទីនោះ កាលពីចុងខែមុននេះ ដែលបានបណ្តាល​ឲ្យមនុស្សជាង ១,០០០នាក់ស្លាប់ និង​​ជិត​ ២០,០០០នាក់ រួមទាំងជន​ស៊ីវិល ពួកឧទ្ទាម និងក្រុមគ្រួសារ​របស់ពួកគេ បានជម្លៀស​ខ្លួនចេញពី​ទីនោះ៕