(វ៉ាស៊ីនតោន)៖ សេតវិមាន​អាមេរិក​នៅ​ថ្ងៃចន្ទ​សប្តាហ៍នេះ បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោលពាក្យចោទប្រកាន់​ទាំងឡាយ ព្រមទាំងពាក្យ​សម្តីដែលចេញពីមាត់​តារាភាពយន្ត​អាសអាភាស នាង Stormy Daniels ដែលថា នាងធ្លាប់មាន​សម្ព័ន្ធភាពផ្លូវភេទ​ជាមួយ​លោក ដូណាល់ ត្រាំ និងការប្រើលុយ​បំបិទមាត់ ដើម្បីកុំឲ្យព័ត៌មាន​នេះរីកសុះសាយនោះ។ នេះ​បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងបទ​សម្ភាសន៍បើកចំហ​ជាសាធារណៈ តាមកញ្ចក់​ទូរទស្សន៍ CBS នៅអាមេរិក នាង Stormy បានរៀបរាប់​រឿងលម្អិតរវាងនាង និងលោក ដូណាល់ ត្រាំ ច្រើនជាង​លើកមុនៗ​ទៅទៀត ជាពិសេសគឺ​សម្ព័ន្ធភាពផ្លូវភេទ​រវាងអ្នកទាំងពីរ ដែលបានកើត​ឡើងកាលពី​ជាងមួយ​ទសវត្សរ៍មុន ដែលប្រការនេះ​នាំឲ្យសារព័ត៌មានធំៗទូទាំងសកលលោក ជាពិសេស​នៅអាមេរិក បានធ្វើការចុះផ្សាយ​យ៉ាងកក្រើកតែម្តង។

ដោយហេតុនេះហើយ ទើបមួយថ្ងៃបន្ទាប់ សេតវិមាន​ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តី​ថ្លែងការណ៍មួយ ដោយបញ្ជាក់អះអាង​ច្បាស់ៗ​យ៉ាងដូច្នេះថា «ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសច្រានចោល​ទាំងស្រុងតែម្តង រាល់ការ​ចោទប្រកាន់​ទាំងអស់អំពី​រឿងរ៉ាវចោទ​ប្រកាន់ នៃទំនាក់ទំនង​ផ្លូវភេទ»។ នេះបើតាម​ការថ្លែង​របស់ អ្នកនាំពាក្យសេតវិមាន លោក Raj Shah។

នៅក្នុងបទ​សម្ភាសន៍កាលពី​ថ្ងៃអាទិត្យ នាង Daniels មាន​ឈ្មោះដើម ស្ទេហ្វានី គ្លីហ្វហ្វដ (Stephanie Clifford) នៅតែអះអាង​ដដែលថា នាងធ្លាប់រួមដំណេកគ្នាមួយលោក ត្រាំ កាលពី​ខែកក្កដា ឆ្នាំ២០០៦ ប៉ុន្តែតាំងពី​នោះមក អ្នកទាំងពីរមិនដែលរួមដំណេកទៀតទេ។ តារាសិច​រូបនេះបន្ថែមថា នាងធ្លាប់មានអារម្មណ៍​ភ័យខ្លាចពាក់ព័ន្ធ​ នឹងរឿងអាស្រូវនេះ កាលពី​ឆ្នាំ២០១១ បន្ទាប់ពីនាង​បាននិយាយពីរឿង​នេះ ប្រាប់​សារព័ត៌មាន​អាមេរិកដ៏ល្បីមួយ​ជាថ្នូរ​នឹង​ប្រាក់ ១៥,០០០ដុល្លារ។

មិនតែ​ប៉ុណ្ណោះ នាង Daniels ក៏បានអះអាង​ដែរថា នាង​ធ្លាប់ត្រូវបាន​គេគំរាមកំហែង​ផងដែរ។ «ទុកឱ្យ​លោក ត្រាំ នៅម្នាក់ឯង ហើយបំភ្លេច​រឿងដែលបាន​កើតឡើង»។ នេះជាការលើក​ឡើងរបស់​នាង Daniels ដោយរំលឹកថា បុរសម្នាក់បាន​សម្លឹងមើល កូនស្រី​របស់នាង និងនិយាយយ៉ាង​ដូច្នេះថា «នាងជាក្មេងស្រីដ៏ស្អាតម្នាក់ ​ហើយវាគឺជា​រឿងឈឺចាប់បំផុត បើសិនជា​មានរឿងអ្វី​មួយកើត ឡើងលើម្ដាយ​របស់នាង»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាង Daniels ធ្លាប់បានទទួលប្រាក់ ១៣០,០០០ដុល្លារ ក្នុងមួយសប្ដាហ៍ មុននឹង​ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ចូលមកដល់ ជាថ្នូរនឹងការបិទមាត់មិនគាស់កកាយរឿងអាស្រូវជាមួយ លោកត្រាំ។ ប៉ុន្តែមេធាវី​របស់ប្រធានាធិបតី​អាមេរិករូបនេះ​ បានបដិសេធថា លោក ត្រាំ មិនដែលមានទំនាក់ទំនងជាមួយនាង Stormy Daniels នោះទេ៕