(ម៉ូស្គូ)៖ តំបន់មួយចំនួន​នៃប្រទេសរុស្ស៊ី និងបណ្ដា​ប្រទេសអឺរ៉ុបខាងកើត បាន និងកំពុងគ្រប​ដណ្ដប់ដោយព្រិលពណ៌​ទឹកក្រូច នៅក្នុង​សប្ដាហ៍នេះ ​ដែលវាជា​បាតុភូត ដ៏ចម្លែកមួយ​ បង្កឡើងដោយព្យុះខ្សាច់-ធូលី បក់បោកមកពីតំបន់​វាលខ្សាច់ សាហារ៉ា (Sahara)។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

យោងតាមក្រុម​ឧតុនិយមអឺរ៉ុប ព្យុះនៅក្នុងតំបន់​អាហ្រិ្វកខាងជើង ដោយនាំមក​ជាមួយខ្សាច់ ធូលីមកពីតំបន់​វាលខ្សាច់ Sahara ឆ្ពោះមកកាន់តំបន់​សមុទ្រមេឌីទែរ៉ាណេ និងអឺរ៉ុប បានបណ្ដាលឱ្យ​ព្រិលប្រែទៅជាពណ៌ទឹកក្រូច​ នៅតាមតំបន់មួយ​ចំនួននៃបណ្ដាប្រទេស អឺរ៉ុបខាងកើត និងរុស្ស៊ី ដោយលាយឡំ​ជាមួយព្រិល និងភ្លៀងធ្លាក់ផងដែរ។

គួរបញ្ជាក់ថា បាតុភូតនេះ តែងតែកើតឡើង​ក្នុងរយៈពេល ០៥ឆ្នាំម្ដង ហើយវាកើត​ឡើងនៅផ្នែក​ផ្សេងៗគ្នា​ នៃពិភពលោក។ ប៉ុន្តែ​ក្រុមអ្នកជំនាញ​អះអាងថា ព្រិលខ្សាច់​នៅក្នុងឆ្នាំនេះ ហាក់ដូចជាគ្រប​ដណ្ដប់ដោយ​ខ្សាច់ជាច្រើន ខុសប្លែក​ពីលើក​មុនៗ៕