(ស៊ីដនី)៖ អូស្ត្រាលី​បានក្លាយជា​ប្រទេសចុង​ក្រោយគេ ដែលបានសម្រេច​ចិត្ត​ចូលរួមជាមួយ​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសអឺរ៉ុប ក្នុងសង្រ្គាមការ​ទូត​ បណ្ដេញមន្ត្រីទូតរុស្ស៊ី​ចេញពី​ប្រទេស ជាការឆ្លើយ​តបនឹងការបំពុល​សម្លាប់​ អតីតទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

គិតត្រឹមថ្ងៃចន្ទ​ម្សិលមិញ មន្ត្រីទូតរុស្ស៊ីច្រើន​ជាង ១០០នាក់ នៅក្នុង​ប្រទេសចំនួន ២០ ត្រូវបានបណ្ដេញចេញ​ នៅក្រោមការសម្រេច​ចិត្តរួមមួយ របស់​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសអឺរ៉ុប។​ ជុំវិញសង្រ្គាម​ការទូតនេះដែរ ដោយបង្ហាញ​ការគាំទ្រយ៉ាង​ពេញទំហឹង​ ចំពោះការបណ្ដេញ​មន្ត្រី​ទូតរុស្ស៊ី នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាខូម ធើនប៊ូល (Malcolm Turnbull) បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «ការវាយប្រហារ​ដោយ​អាវុធគីមី នៅក្នុងទីក្រុង សាលីប៊ឺរី (Salisbury) គឺជាការវាយប្រហារ​លើពួកយើង​ទាំងអស់គ្នា ... ដូច្នេះហើយ​ទើបយើងសម្រេចចិត្ត ចូលរួម​ជាមួយប្រទេស ២៣ ផ្សេងទៀត នៅទូទាំង​ពិភពលោក»

គួរបញ្ជាក់ថា បើតាមលោក Malcolm Turnbull អូស្ត្រាលីនឹង​បណ្ដេញទូតរុស្ស៊ីពីរ​នាក់​ចេញពីប្រទេស ជាការចូលរួម​ជាមួយ សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសអឺរ៉ុប ក្នុងសង្រ្គាម​ការទូត​បណ្ដេញមន្ត្រីទូត​រុស្ស៊ីចេញពី​ប្រទេស ដើម្បីឆ្លើយតប​នឹងការបំពុល សម្លាប់អតីត​ទីភ្នាក់ងារ​ចារកម្មរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់​លោកឈ្មោះ យូលៀ (Yulia) នៅក្នុង ទីក្រុង Salisbury ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី០៤ ខែមីនាកន្លងទៅ។ ប៉ុន្តែរុស្ស៊ី បានច្រានចោល​រាល់ការចោទ​ប្រកាន់ទាំងឡាយ ហើយថែមទាំង បានប្រកាស​ដែរថា ខ្លួននឹងចាត់វិធានការ​សងសឹកនឹងប្រទេសទាំង​នោះម្ដង​មួយៗ៕