(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាមែន (Anifah Aman) និងរដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) បានបំពេញ​ទស្សនកិច្ច​នៅឯរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​បានចូលជួប​ពិភាក្សា​​​ជាមួយ អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ចន ស៊ូលលីវ៉ាន (John Sullivan) ដែលកំពុង​កាន់តួនាទី​ជាបណ្តោះអាសន្ន សម្រាប់​កិច្ចការផ្សេងៗ ជំនួសឲ្យ​អតីត​ប្រមុខ​ការទូតអាមេរិក លោក រ៉ិច ធីល្លឺសុន ដែលទើប​ត្រូវបានបណ្តេញ​ចេញ​ពី​មុខតំណែង នាពេលថ្មីៗនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍​មួយរបស់​អ្នកនាំពាក្យ ក្រសួង​ការបរទេសអាមេរិក លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) លោក Sullivan និង លោក Aman បានសង្កត់ធ្ងន់​ជាថ្មីម្តងទៀត​អំពីសារៈសំខាន់​ នៃភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ​ អាមេរិក-ម៉ាឡេស៊ី- និងបានប្តេជ្ញាបន្ត​រឹងបន្តឹងចំណងទាក់ទងដ៏​​ល្អនេះ នៃប្រទេសទាំងពីរ​មិនថា ផ្នែកការទូត សេដ្ឋកិច្ច ឬក៏សន្តិសុខនោះ​ឡើយ។

សម្រាប់កិច្ចជួប​ពិភាក្សា​ដាច់ដោយឡែក ជា​មួយលោកស្រី Marsudi វិញ លោក Sullivan និងប្រមុខការ​ទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ពីភាព​ជាដៃគូយុទ្ធសាស្រ្ត​​ដ៏សំខាន់រវាង អាមេរិក-ឥណ្ឌូណេស៊ី ព្រមទាំងការប្តេជ្ញា​របស់ប្រទេស​ទាំងពីរ ក្នុងការធ្វើឲ្យកិច្ច​សហប្រតិបត្តិការ នៅ​តំបន់ប៉ាស៊ីហ្វិក​កាន់តែរឹងមាំ​ និងខ្លាំងក្លាថែមទៀត៕