(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA នឹងធ្វើតេស្តម្តង​ទៀត​​ នូវបច្ចេកវិទ្យាឆ័ត្រយោង​ដ៏ទំនើប​របស់ខ្លួន សម្រាប់បំពាក់​លើយាន Mars Rover ថ្មីនាព្រឹកថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​​ថ្ងៃ​អង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

រ៉ុក្កែតមួយគ្រាប់ដែល​នាំយកបច្ចេកវិទ្យាឆ័ត្រ​យោងនេះ មានឈ្មោះកាត់ថា ASPIRE ត្រូវបានគេគ្រោង​នឹងបាញ់បង្ហោះ​ ចេញពីមូលដ្ឋាន​ហោះហើរ​ Wallops របស់​អង្គការ NASA ដែលស្ថិត​នៅក្នុងរដ្ឋ Virginia នាព្រឹក​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ចន្លោះម៉ោង ៦៖៤៥នាទី និង១០៖១៥នាទីព្រឹក ត្រូវនឹងយប់​ថ្ងៃព្រហស្បតិ៍​នៅកម្ពុជា។

បច្ចេកវិទ្យា​ឆ័ត្រយោងនេះ ត្រូវបាន​រចនាឡើង ដើម្បីជួយ​ឲ្យ​យាន Mars Rover 2020 របស់ NASA ចុះទៅដល់​ភពអង្គារ (Mars) ដោយសុត្ថិភាព ខណៈយាន​ដែលមានទំហំប៉ុន​រថយន្តធម្មតា​មួយគ្រឿង និងមានលក្ខណៈ​ស្រដៀងនឹង​យាន Curiosity នេះ​ត្រូវគេ​គ្រោងនឹង​ឲ្យធ្វើយ៉ាងណា​ឲ្យវាចុះជាន់​ដល់ដី Mars នៅ​ឆ្នាំ២០២១ ដើម្បីតាម​ប្រមាញ់រុករក​សញ្ញា នៃទម្រង់ជីវិត​កាលពី​អតីតកាល នៅលើ​ភពក្រហម​​នេះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារ​អវកាស​ណាសា បានចាប់ផ្តើម​ធ្វើការច្នៃ និងសាងសង់ផ្នែក​ចុងក្រោយ ​នៃយានរុករក Mars Rover ២០២០ កាលពីខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ដោយយានថ្មីនេះ​ត្រូវបានចាត់​ឲ្យចាប់សញ្ញា និងស្រាវជ្រាវ​អំពីជីវិត​ដែលធ្លាប់មាននៅ​លើភពអង្គារ​នាសម័យបុរាណ បន្ទាប់ពីវា​ត្រូវបានចុះចត​នៅលើផ្ទៃដី​ របស់ភពអង្គារ​ជាស្ថាពរ​នៅខែកុម្ភៈឆ្នាំ២០២១។

បេសកកម្ម​សិក្សាស្រាវជ្រាវ​អំពីភព​អង្គារនៃ​យានMars Rover 2020 យ៉ាងហោច​ណាស់ក៏ត្រូវ​ចំណាយពេល​អស់២ឆ្នាំដែរ ដោយយាន​នឹងត្រូវបានបង្ហោះ​ដោយគ្រាប់រ៉ុកកែត Atlas V ចេញពីស្ថានីយ៍​បង្ហោះយាន Cape Canaveral ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕