(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃអាទិត្យនេះ បានចេញមុខសូមទោសជាថ្មីម្ដងទៀតសម្រាប់ការធ្វើឱ្យបាត់បង់ទំនុកចិត្តនៅក្នុងរដ្ឋាភិបាល ខណៈប្រជាប្រិយរបស់លោកកំពុងធ្លាក់ចុះដោយសារតែរឿងអាស្រូវលក់ដីរដ្ឋ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥​ ខែមីនា ឆ្នាំ២០១៨។

លោក ស៊ីនហ្សូ អាបេ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏ធំបំផុត គិតចាប់តាំងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំ ២០១២មក បន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវ ដែលគេចោទប្រកាន់រូបលោកថា មានជាប់ពាក់ព័ន្ធនឹងការលក់ដីរដ្ឋក្នុងតម្លៃទាបមួយឱ្យអ្នកជំនួញផ្នែកអប់រំម្នាក់ ដែលមានទំនាក់ទំនងជាមួយប្រពន្ធរបស់លោក។

យ៉ាងណាក៏ដោយ លោក អាបេ បានច្រានចោទការចោទប្រកាន់ទាំងនេះ ហើយក៏មិនបានបង្ហាញពីបំណងលាលែងពីតំណែងដែរ ក្រៅតែពីសូមទោស។ ជាក់ស្ដែងថ្លែងនៅចំពោះមុខសន្និបាតបក្ស នៅថ្ងៃអាទិត្យនេះ លោកអាបេបានត្រឹមតែសូមទោសប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បញ្ហានេះបានធ្វើឱ្យបាត់ទំនុកចិត្តរបស់ប្រជាជនជប៉ុន មកលើរដ្ឋាភិបាល... ហើយក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំគឺជាអ្នកទទួលខុសត្រូវ និងចង់សូមទោសយ៉ាងជ្រាលជ្រៅដល់ប្រជាជនជប៉ុន»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន ប្រជាប្រិយភាពគណៈរដ្ឋមន្ត្រីរបស់លោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ ៣០ភាគរយ ដោយក្នុងនោះមតិភាគច្រើនយល់ថាលោកអាបេគឺជាអ្នកទទួលខុសត្រូវ ហើយគួរតែលាលែងពីតំណែង៕