(វ៉ាស៊ីនតោន)៖ នៅទីបំផុត​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានថ្លែងសុន្ទរកថា​ជាលើកចុងក្រោយ​របស់​លោកហើយ ដើម្បីលាបុគ្គលិក​ទាំងអស់ ដែលកំពុង​បម្រើការងារ​ នៅក្នុងក្រសួង​ការបរទេស​អាមេរិក។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសុន្ទរកថា​លើកចុងក្រោយ​ ដ៏ខ្លីមួយនាថ្ងៃព្រហស្បតិ៍ លោក ធីល្លឺសុន បានប្រាប់ឱ្យ​អតីតបុគ្គលិកលោក​ទាំងអស់នៅ ក្នុងក្រសួង​ការបរទេសអាមេរិក ឱ្យរក្សាភាព​ស្មោះត្រង់។ «វា (ភាពស្មោះត្រង់) គឺជារបស់អ្នក ហើយមាន​តែអ្នកតែម្នាក់គត់​ ដែលអាច​បោះបង់ ឬក៏រក្សាវាទុក»។ នេះគឺជាការ​លើកឡើង​របស់លោក ធីល្លឺសុន នៅក្នុងសុន្ទរកថា​លាគ្នា នៅមុនពេល​លោកត្រូវ​ចាកចេញ ពីក្រសួងការបរទេស​អាមេរិក​ នៅចុង​ខែមីនានេះ។

គួររំលឹកថា ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បានសម្រេចចិត្ត​បណ្ដេញលោក ធីល្លឺសុនចេញ​ពីដំណែងកាល​ពីសប្ដាហ៍​មុន ហើយលោកបាន​តែងតាំង​នាយក CIA លោក Mike Pompeo ឱ្យកាន់តំណែងនេះ​ជំនួសវិញ។ ប៉ុន្តែមុននឹង​ត្រូវឡើងកាន់​តំណែង លោក Pompeo ត្រូវឆ្លងកាត់ការ​សួរដេញដោល និងទទួលស្គាល់ពី​ព្រឹទ្ធសភា​អាមេរិក នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕