(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិក បានផ្តល់ការ​យល់ព្រម ចំពោះការលក់មីស៊ីលកម្ទេច​​រថក្រោះ TOW បូករួមជាមួយ​គ្រឿងបន្លាស់​​ សម្រាប់រថពាសដែក និងសេវាថែទាំ​ដែលពាក់ព័ន្ធដទៃ​ទៀត ទៅកាន់ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត នៅក្នុងគម្រោង​លក់សព្វាវុធដាច់​​ដោយឡែកពី​គ្នាចំនួនបី ដែលគិតជាទឹក​ប្រាក់សរុបជិត ១.១ពាន់លានដុល្លារ។ នេះបើតាម​ការដកស្រង់​ការផ្សាយ ចេញពីទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

បើតាម​សេចក្តីថ្លែងការណ៍​មួយ របស់ក្រសួងការបរទេស​អាមេរិក មីស៊ីលប្រឆាំង​រថក្រោះ TWO 2B ជាង ៦,៦០០គ្រាប់ ដែល​អារ៉ាប៊ីសាអូឌីត បានកុម៉្មង់ទិញ​មានតម្លៃប្រមាណ ៦៧០លានដុល្លារ។ នៅក្នុងសេចក្តី​ប្រកាសដាច់ដោយ​ឡែកមួយទៀត ក្រសួង​ការបរទេស បានឲ្យដឹងខ្លួន​​បាន​អនុញ្ញាត​ ចំពោះការលក់កញ្ចប់​សេវាតម្លៃ ៣០០លានដុល្លារ ទៅឲ្យកង​អាវុធយុទ្ធភ័ណ្ឌ​ជើងគោក​របស់អារ៉ាប៊ីសាអូឌីត ខណៈសេចក្តី​ប្រកាស​ចុងក្រោយ​មួយផ្សេង​ទៀត​បានបញ្ជាក់ថា ក្រសួង​ការបរទេស​បានព្រមព្រៀង​ផ្តល់ការថែទាំ​សម្រាប់កងឧទ្ធម្ភាគចក្រ​​ប្រយុទ្ធ និងដឹកជញ្ជូន​​របស់​អារ៉ាប៊ីសាអូឌីត រួមមាន​ដូចជា AH-64D/E, UH-60L, Schweizer 333, និង Bell 406CS ក្នុងតម្លៃ ១០៦.៨លានដុល្លារ។

គួរជម្រាបថា សេចក្តីប្រកាស​បើកភ្លើងខៀវ​ ដល់គម្រោងលក់សព្វាវុធ​ដ៏ច្រើនសន្ធឹក​សន្ធាប់នេះ បានកើត​មានឡើង បន្ទាប់ពីការ​យាងមក​បំពេញទស្សនកិច្ច​របស់រាជទាយាទ​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman នៅឯរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ​សប្តាហ៍នេះ ដោយនា​អំឡុងពេលនោះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសរសើរថា ព្រះរាជាណាចក្រ​នៅមជ្ឈិមបូព៌ា​មួយ​នេះ គឺជាអតិថិជន​ដ៏ធំមួយ​ក្នុងវិស័យយោធា​របស់អាមេរិក និងបាននិយាយ​ជម្រុញថា​ ការលក់សព្វាវុធទៅ​កាន់​អារ៉ាប៊ីសាអូឌីត គឺជាការ​បង្កើតការងារ​ប្រកបដោយប្រសិទ្ធភាព​បំផុត សម្រាប់សហរដ្ឋអាមេរិក៕