(លីម៉ា)៖ ប្រធានាធិបតី​ប៉េរូ លោក ផេដ្រូ ផាប្លូ គូកស៊ីនស្គី (Pedro Pablo Kuczynski) បានដាក់លិខិត​លាលែងពីមុខតំណែង​តែម្តង នាថ្ងៃពុធ​សប្តាហ៍នេះ (ម៉ោងក្នុង​​ប្រទេសប៉េរូ) ពោលគឺនៅមុន​មួយថ្ងៃ​ នៃការប្រព្រឹត្តទៅនូវ​ដំណើរការបោះឆ្នោត​​របស់​សភាប៉េរូ ដើម្បី​សម្រេចថា នឹងទម្លាក់រូបលោក​ពីអំណាច​ដែរ ឬក៏អត់នោះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ​២០១៨។

ថ្លែងតាមកញ្ចក់​ទូរទស្សន៍ដោយ​ផ្សាយផ្ទាល់​ នៅទូរទាំងប្រទេស លោក Kuczynsi បានឲ្យ​ដឹងថា រូបលោក​ពុំបានគ្រប់គ្រង​ក៏ដូចជាដឹកនាំ​ប្រទេសជាតិ​ ប្រកបដោយប្រសិទ្ធភាព​នោះឡើយ ដោយសារតែ​ការចោទប្រកាន់គ្មាន​ភស្តុតាង​ ជុំវិញអំពើពុករលួយ ដែលបាន​តោងទាម​រូបលោក​ ចាប់តាំងតែពី​ប៉ុន្មានខែដំបូងនៃការ​ជាប់ឆ្នោត ឡើងកាន់អំណាច​របស់លោក​មកម្ល៉េះ។

ការប្រកាសចុះចេញពី​អំណាចនេះ បាន​កើតមានឡើង​បន្ទាប់ពីមាន​ឃ្លីបវីដេអូ​មួយចំនួន ដែលត្រូវគេ​ចែកចាយ​ពាសពេញបណ្តាញ​អ៊ីនធើណែត ដែលបង្ហាញ​ឲ្យឃើញពី​សកម្ម​ភាព​នៃបក្ខពួកក្រុម​នយោបាយ​របស់ លោក Kuczynsi បានដើរទិញ​សន្លឹកឆ្នោតរបស់​អ្ន​កតំណាងរាស្រ្ត នៅក្នុងការបោះ​ឆ្នោត​សម្រេចលើជោគ​វាសនា​របស់ លោក Kuczynsi ដែលគ្រោង​នឹងប្រព្រឹត្តទៅនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

គួរជម្រាបថា លោក Pedro Pablo Kuczynsi ដែលជាពាណិជ្ជករ​ម្នាក់​ ហើយបានក្លាយខ្លួន​ជាអ្នក​នយោបាយ បានឡើង​កាន់អំណាចជា​ប្រធា​នាធិបតី​ នៃប្រទេស​អាមេរិកឡាទីន​មួយនេះ កាលពី​ខែកក្កដា ឆ្នាំ២០១៦៕