(តៃប៉ិ)៖ ក្រសួងការពារកោះតៃវ៉ាន់ នៅថ្ងៃពុធ​នេះបានឱ្យដឹងថា ចិនបាន​បញ្ជូន​នាវា​ផ្ទុកយន្ដហោះ​ចម្បាំង Liaoning ធ្វើដំណើរ​កាត់តាមច្រក​សមុទ្រតៃវ៉ាន់ ដែលបែង​ចេញចិន និងកោះតៃវ៉ាន់ជាពីរ ដែលប្រការនេះ​បានបង្កជាការ​ព្រួយបារម្ភ ពីសំណាក់​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។​

ការអះអាង​ខាងលើរបស់​ក្រសួងការពារជាតិ​តៃវ៉ាន់ កើតឡើងតែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតីចិន​ លោក ស៊ី ជិនពីង បានព្រមានថា តៃវ៉ាន់អាចនឹង​ប្រឈមមុខនឹង​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ​ក្នុងប្រវត្តិសាស្ត្រ បើសិនជា​មិនព្រមបោះបង់ចោល​ គំនិតចង់​បានឯករាជ្យផ្ដាច់ខ្លួន​ពីចិន ព្រោះ តៃវ៉ាន់គ្រាន់តែ​​ជាខេត្តមួយ​របស់ចិន។

ជុំវិញបញ្ហានេះដែរ ថ្លែងនៅចំពោះមុខសភា​តៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិ​តៃវ៉ាន់លោក យេន តេហ្វា (Yen Teh-fa) បានបញ្ជាក់ថា នាវាផ្ទុកយន្ដហោះ​ចម្បាំងចិន Liaoning បានចូល​មកក្នុង​ច្រកសមុទ្រ​តៃវ៉ាន់ កាលពីថ្ងៃអង្គារ ខណៈក្រសួង​កំពុងតាមដាន​យ៉ាងយកចិត្តទុកដាក់ លើសកម្មភាព​របស់នាវាចម្បាំង​មួយនេះ។ យ៉ាង ណាក៏ដោយ​ទីក្រុងប៉េកាំង មិនទាន់ធ្វើការ​អត្ថាធិប្បាយ​ណាមួយ ជុំវិញព័ត៌មាន​នេះទេ។

គួររំលឹកថា កាលពីខែមករា ចិនក៏ធ្លាប់​បានបញ្ជូននាវា Liaoning មកកាន់ច្រកសមុទ្រ​តៃវ៉ាន់ផងដែរ​ដោយអះអាងថា វាជាផ្នែក​មួយនៃការធ្វើ​សមយុទ្ធយោធា​ជាប្រចាំ។ ប៉ុន្តែ តៃវ៉ាន់ បានបង្ហាញក្ដីព្រួយបារម្ភ​ជាខ្លាំង ចំពោះការកើនឡើង​សកម្មភាព​យោធាចិន នៅក្បែរដែនទឹក​របស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ៕